ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានអនុវត្តតាមការណែនាំ របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បន្តចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ បញ្ហាគ្រឿងញៀន ក្មេងទំនើង និងបញ្ហាផ្សេងៗទៀត នៅសាលាវិទ្យាល័យព្រះបាទសុរាម្រឹត ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ដើម្បីឲ្យបានយល់ដឹងបន្ថែម ពីផលប៉ះពាល់នានា និងខ្លួនឯងផ្ទាល់ផងដែរ។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សូមធ្វើការផ្សព្វផ្សាយ និងអំពាវនាវដល់ប្អូនៗសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋ ជាអ្នកដំណើរតាមដងផ្លូវនានាក្នុងខេត្តកំពង់ឆ្នាំង ត្រូវបើកបរដោយមានការទទួលខុសត្រូវ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន បើកបរ និងប្រេីប្រាស់លេីដងផ្លូវដោយការចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ជៀសវាងបើកបរក្នុងស្ថានភាពស្រវឹង ការប្រើប្រាស់គ្រឿងញៀន ត្រូវបន្ថយល្បឿន សម្រាប់ធ្វើដំណើរក្នុងទីប្រជុំជន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅចំណុចមុខសាលារៀន និងទីប្រជុំជននានា ពិសេសត្រូវជៀសវាងឲ្យផុតពីបញ្ហាប៉ះពាល់ទាំងឡាយណាដែលធ្វើឲ្យមានការអាប់អោនដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់ខ្លួន និងសង្គមជាតិទាំងមូល៕