PORT-AU-PRINCE, Aug 29 (Reuters) – កាលពីថ្ងៃព្រហស្បតិ៍ ស្ថានទូតតៃវ៉ាន់ប្រចាំនៅប្រទេសហៃទី បានផ្តល់ជូននគរបាលជាតិ និងកងទ័ពហៃទីនូវនឹងឧបករណ៍ការពារដូចជា មួកសុវត្ថិភាព បន្ទះការពារជង្គង់ បន្ទះការពារភ្នែក និងអាវក្រោះ ដើម្បីគាំទ្រការប្រយុទ្ធរបស់ពួកគេប្រឆាំង នឹងក្រុមអន្ធពាលដ៏មានឥទ្ធិពល។
ខុទ្ទកាល័យនាយករដ្ឋមន្ត្រី នៃប្រទេសហៃទីបាននិយាយថា ឧបករណ៍ចំនួន ៤០០ឈុត ត្រូវបានផ្តល់ជូន ដែលសរុបចំនួន ៨០០ឈុត ដែលទទួលបានពីតៃវ៉ាន់ក្នុងរយៈពេល០២ឆ្នាំ។
នៅក្នុងសេចក្តីថ្លែងការណ៍០១ នាយករដ្ឋមន្ត្រីលោក Garry Conille បាននិយាយថា “ការផ្តល់ជូននេះមិនត្រឹមតែជាការរួមចំណែកជាសម្ភារៈប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីមិត្តភាពដ៏ស្មោះស្ម័គ្រ និងយូរអង្វែងរវាងហៃទី និងតៃវ៉ាន់ផងដែរ”។
ប្រទេសនៅក្នុងតំបន់ការាបៀននេះគឺជា ប្រទេស០១ក្នុងចំណោមប្រទេសមួយចំនួនតូច នៃសម្ព័ន្ធមិត្តការទូតដែលនៅសេសសល់របស់តៃវ៉ាន់ ប៉ុន្តែក៏មានការិយាល័យពាណិជ្ជកម្មនៅទីក្រុងប៉េកាំងផងដែរ។ ប្រទេសចិនទាមទារកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ និងជាអ្នកផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិកដ៏សំខាន់របស់ពិភពលោកជាទឹកដីរបស់ខ្លួន។
ប្រទេសមួយចំនួននៅក្នុងទ្វីបអាមេរិក រួមមានសាធារណរដ្ឋ Dominican ប្រទេសNicaragua ប្រទេស El Salvador ប្រទេស Honduras និងប្រទេស Panama បានកាត់ផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីគាំទ្រដល់ប្រទេសមហាអំណាចសេដ្ឋកិច្ចចិន ខណៈដែលប្រទេសដូចជាហ្គាតេម៉ាឡា និងប៉ារ៉ាហ្គាយមានបំណងរក្សាការទទួលស្គាល់តៃវ៉ាន់ ស្របពេលដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន៕