General Commissariat of National Police
.

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូបើកបរឆ្លងផ្លូវ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ នៅស្រុកក្រគរ

Loading

ខេត្តពោធិ៍សាត់ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូបើកបរឆ្លងផ្លូវ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ ហេតុការណ៍នេះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ១៥៩-១៦០ ត្រង់ចំណុចមុខផ្លូវចូលវត្តពុទ្ធរង្សី (ហៅវត្តពុទ្រាម) ស្ថិតនៅភូមិក្រាំងធំ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅថ្ងៃពុធ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៩ និង៣០នាទីព្រឹក បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅពិនិត្យដល់កន្លែងកើតហេតុ។  

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ៖ មុនពេលកើតហេតុ គេឃើញមានរថយន្ត១គ្រឿង ម៉ាក Sang Yong (សាំយ៉ុង) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AD-0763 បើកបរដោយឈ្មោះ ឡាយ ណុប ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ  រស់នៅភូមិក្រាំង ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ មុខរបរបើកបររថយន្ត (មិនរងរបួស) ធ្វើចរាចរណ៍ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបុកយ៉ាងពេញទំហឹងជាមួយម៉ូតូ១គ្រឿង ម៉ាក HONDA.C125/019 ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1J-6555 បើកបរដោយឈ្មោះ គី រ៉ាម៉ូ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរចាន់ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ធ្វើចរាចរណ៍ឆ្លងផ្លូវពីត្បូងទៅជើង) (ស្លាប់នៅកន្លែងកើតហេតុ) មុខរបរCOសេវាប្រាក់កម្ចីបង់ប្រចាំថ្ងៃ(ឯកជន)ពាក់មួកសុវត្ថិភាព។

លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានឲ្យដឹងទៀតថា ៖ បន្ទាប់ពីកម្លាំងនគរបាលចរាចរណ៍បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីអ្នកបើកបរម៉ូតូឆ្លងថ្នល់ខ្វះការប្រុងប្រយ័ត្ន។ យោងតាមនិទ្ទេសរបស់លោក គ្រី សីហា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១១ និង៥នាទីព្រឹក បានបញ្ជាតាមទូរស័ព្ទឲ្យធ្វើកំណត់ហេតុប្រគល់-ទទួលសពទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះរថយន្ត និងម៉ូតូសមត្ថកិច្ចបានប្រគល់ឲ្យទៅជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ ដើម្បីដោះស្រាយតាមនីតិវិធី៕