BANGKOK, Aug 20 (Reuters) – មេដឹកនាំគណបក្សប្រឆាំង ដែលត្រូវបានរំលាយនាពេលថ្មីៗនេះ បាននិយាយថា អ្នកនយោបាយនៅក្នុងប្រទេសថៃ ត្រូវតែធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ ដើម្បីទប់ស្កាត់ការអន្តរាគមន៍ ដែលនាំឲ្យប្រទេសនេះ “ដើរជារង្វង់” បន្ទាប់ពីមានសេចក្តីសម្រេចធំៗចំនួន០២ ដែលបានរំលាយគណបក្ស និងបណ្តេញនាយករដ្ឋមន្រ្តីចេញពីតំណែង។
លោក Pita Limjaroenrat ដែលជាប្រធានគណបក្សឈានទៅមុខ ត្រូវបានរារាំងមិនឲ្យបង្កើតរដ្ឋាភិបាលកាលពីឆ្នាំមុន បាននិយាយថា ការហាមឃាត់នយោបាយរយៈពេល១០ឆ្នាំ នឹងមិនបន្ថយការប្តេជ្ញាចិត្តរបស់លោក ក្នុងការដឹកនាំប្រទេសថៃ និងចាប់ផ្តើមកំណែទម្រង់សំខាន់ៗ រួមទាំងការបញ្ឈប់ស្ថាប័នឯករាជ្យពីការធ្វើនយោបាយ។
ប្រទេសថៃ បានជាប់នៅក្នុងវដ្តដ៏ច្របូកច្របល់រយៈពេល ០២ទសវត្សរ៍ ដោយរដ្ឋប្រហារ និងសេចក្តីសម្រេចរបស់តុលាការ បានផ្តួលរំលាយរដ្ឋាភិបាលជាច្រើន ដែលជាផ្នែក០១ នៃការតស៊ូអំណាចរវាងគណបក្សជាប់ឆ្នោត ដ៏ពេញនិយម និងការបង្កើតទំនាក់ទំនងដ៏មានឥទ្ធិពលរវាងយោធា និងស្ថាប័នសំខាន់ៗ។
លោកបានប្រាប់សារព័ត៌មានរ៉យទ័រថា “នយោបាយវិលត្រលប់ទៅកន្លែងដើម ហើយគ្មានអ្វីត្រូវ បានធ្វើសម្រេចសម្រាប់ប្រជាជនទេ” ដោយឆ្លុះបញ្ចាំងពីភាពចលាចល ដែលឃើញថា បក្សឈានទៅមុខត្រូវបានរំលាយ ហើយលោក Srettha Thavisin ត្រូវបានបណ្តេញចេញពីតំណែង ជានាយករដ្ឋមន្ត្រី ក្នុងរយៈពេល ០១សប្តាហ៍ ដោយតុលាការតែ០១៕