General Commissariat of National Police
.

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត និងឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មាធិការសន្តិសុខឌីជីថល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ

Loading

រាជធានីភ្នំពេញ ៖ នៅទីស្តីការក្រសួងមហាផ្ទៃ ព្រឹកថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធាន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន រួមនិងឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មាធិការសន្តិសុខឌីជីថល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ។

ពិធីនេះ មានការចូលរួមពី ឯកឧត្តមអគ្គនាយក-អគ្គនាយករង អង្គភាព ចំណុះក្រសួងមហាផ្ទៃ ដែលជាអនុប្រធាន និងជាសមាជិកគណៈកម្មាធិការសន្តិសុខឌីជីថល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ។

គណៈកម្មាធិការសន្តិសុខឌីជីថល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ មាន៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធាន, ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានអចិន្រ្តៃយ៍, ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុប្រធាន, ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អនុប្រធាន រួមនិងឯកឧត្តមអគ្គនាយក-អង្គភាព ចំណុះក្រសួងមហាផ្ទៃ សមាជិក។

គណៈកម្មាធិការសន្តិសុខឌីជីថល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ មានភារកិច្ចដូចខាងក្រោម៖

-ដឹកនាំសម្របសម្រួល និងជំរុញការគ្រប់គ្រងសន្តិសុខឌីជីថល ដែលរួមមាន សន្តិសុខឌីជីថល ឧក្រិដ្ឋកម្មសាយប័រ ក្របខ័ណ្ឌក្រសួងមហាផ្ទៃ

-ដឹកនាំសម្របសម្រួលកម្រិតគោលនយោបាយ និងដាក់វិធានការក្នុងការឆ្លើយតបឧប្បត្តិហេតុសន្តិសុខសាយប័រ និងការទប់ស្កាត់ហានិភ័យសន្តិសុខសាយប័រ

-ពិនិត្យ និងសម្រេចលើសំណើរៀបចំកែសម្រួលលិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយពាក់ព័ន្ធ នឹងសន្តិសុខឌីជីថល និងឧក្រិដ្ឋកម្មសាយប័រ

-ជំរុញ និងពិនិត្យអនុវត្តគោលនយោបាយយុទ្ធសាស្រ្ត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសន្តិសុខឌីជីថល និងឧក្តិដ្ឋកម្មសាយប័រ

-សម្របសម្រួល​ និងជំរុញកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិពាក់ព័ន្ធសន្តិសុខឌីជីថល និងឧក្រិដ្ឋកម្មសាយប័រ

-ជំរុញលើកទឹកចិត្ត និងគាំទ្រការកសាង ការអភិវឌ្ឍផ្នែកសន្តិសុខឌីជីថល និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មសាយប័រ

-លើកគម្រោងសម្ភារៈបច្ចេកទេស គម្រោងអភិវឌ្ឍធនធានមនុស្ស និងគម្រោងចំណាយលើដំណើរការការងាររបស់គណៈកម្មាធិការសន្តិសុខឌីជីថល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ

-សិក្សាស្រាវជ្រាវ និងធ្វើទំនើបកម្មកម្មវិធីឌីជីថល បម្រើដល់ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មសាយប័រ និងការការពារសន្តិសុខសាយប័រ

-កៀគរធនធានហិរញ្ញវត្ថុ ធនធានបច្ចេកទេស និងធនធានមនុស្ស ដើម្បីកសាង និងអភិវឌ្ឍសន្តិសុខឌីជីថល ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ

-បំពេញតួនាទី និងភារកិច្ចផ្សេងៗទៀតតាមការចាំបាច់។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានគណៈកម្មាធិការសន្តិសុខឌីជីថល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ បានបញ្ចាក់ថា ការបង្កើតសមាសភាពគណកម្មាធិការនេះឡើងក្នុងគោលបំណងទី១-ការរៀបចំបង្ការទប់ស្កាត់នូវរាល់បទល្មើសបច្ចេកវិទ្យា និងទី២-ការរៀបចំប្រព័ន្ធទំនាក់ទំនងរបៀបរបបការងារប្រចាំថ្ងៃ ក៏ដូចជាការគ្រប់គ្រងនូវមុខសញ្ញាផ្សេងៗ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ទៀតថា កន្លងទៅបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាបានកើតឡើងនៅតាមជនបទ មីក្រូហិរញ្ញវត្ថុ ធនាគារ ក្រុមហ៊ុនឯកជន ការឆបោកតាមប្រព័ន្ធអនឡាញ ការគម្រាមតាមប្រព័ន្ធអនឡាញ ក៏ដូចជាការបន្លំទិន្នន័យផ្សេងៗ ដើម្បីបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសទាំងនេះអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជាសេនាធិការក៏បានបង្កើតក្រុមការងារ Hotline Scam 24/7   និងបានធ្វើការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានច្រើន ហើយប្រជាពលរដ្ឋក៏មានការសាទ និងសប្បាយចិត្តចំពោះការដោះស្រាយរបស់សមត្ថកិច្ចផងដែរ ដែលក្នុងនោះជនរងគ្រោះអាចធ្វើការបំពេញពាក្យបណ្តឹងអនឡាញ ដោយមិនចាំបាច់ចំណាយពេលវេលាមកដាក់ពាក្យបណ្តឹងដោយផ្ទាល់ ដើម្បីអោយសមត្ថកិច្ចបើកការស្រាវជ្រាវ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានបន្តថា កន្លងមកអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានសហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក៏ដូចជាអគ្គនាយកដ្ឋានផ្សេងៗដទៃទៀតក្នុងការបង្កើនសមត្ថភាពប្រយុទ្ធប្រឆាំងទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះដែរ ដែលជាបទល្មើសមួយថ្មីមិនមែនប្រពៃណី ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់សមស្របសម្រាប់បទល្មើសនៅពេលបច្ចុប្បន្ន។ ក្នុងនោះ យើងក៏បានធ្វើការបណ្តុះបណ្តាលមន្ត្រីជាច្រើនរយនាក់ ក្នុងន័យដើម្បីរួមគ្នា និងសិក្សាបន្ថែមទៀតដើម្បីរារាំងបទល្មើសនេះកាន់តែស៊ីជម្រៅកុំឲ្យគ្រោះថ្នាក់ដល់សង្គម។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏បានថ្លែងគាំទ្រចំពោះការគ្រប់គ្រងប្រព័ន្ធគ្រប់គ្រងបទល្មើស ដូចជា ប្រព័ន្ធគ្រប់គ្រងបទល្មើសព្រហ្មទណ្ឌ (E-Crime) ដើម្បីងាយស្រួលគ្រប់គ្រងទាំងចំនួនបទល្មើស និងសកម្មភាពនៃបទល្មើស៕