ខេត្តកំពង់ធំ៖ ទទួលបានក្របខ័ណ្ឌថ្មី មកពីបណ្ឌិត្យសភានគរបាលកម្ពុជា មកបម្រើការងារ នៅតាមបណ្ដាការិយាល័យជំនាញ ក្នុងអង្គភាព ចំពោះមន្ត្រី មានស្មាដៃ ក្នុងការអនុវត្ត តួនាទី ភារកិច្ច បទបញ្ជា ត្រូវបានថ្នាក់ដឹកនាំ ធ្វើការលើកទឹកចិត្តជាបន្តបន្ទាប់ តាមលក្ខន្តិកៈ របស់កងកម្លាំងនគរបាលជាតិ ដើម្បីក្លាយជាទំពាំងស្នងឫស្សី មន្ត្រីបន្តវេន នាពេលអនាគត ។
លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត ជួបសំណេះសំណាល ជាមួយមន្ត្រីនគរបាល ដែលទើបប្រឡងជាប់ក្របខ័ណ្ឌថ្មី មកពីបណ្ឌិត្យសភានគរបាលកម្ពុជា នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត នាថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០២៤ ។
លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានសម្ដែងការចូលរួមអបអរសាទរ ចំពោះប្អូនៗ មន្ត្រីនគរបាលថ្មី ទើបបញ្ចប់វគ្គបណ្តុះបណ្តាលបរិញ្ញាបត្រ វិទ្យាសាស្ត្រនគរបាល រយៈពេល ០៤ ឆ្នាំ នៅបណ្ឌិត្យសភានគរបាលកម្ពុជា សម្រេចបានជោគជ័យ លើការសិក្សា ហើយត្រូវបានថ្នាក់ដឹកនាំ ចាត់បញ្ជូនមកបម្រើការងារ នៅអង្គភាព នៃស្នងការដ្ឋាននគរបាលខេត្ត នាឱកាសនេះគឺដើម្បីផ្សារភ្ជាប់រវាងទ្រឹស្ដី និងការអនុវត្តជាក់ស្តែង នៅតាមការិយាល័យជំនាញនីមួយៗ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ ស្នងការ មានប្រសាសន៍ ណែនាំផ្ដាំផ្ញើ ចែករំលែកចំណេះដឹង បទពិសោធន៍ មួយចំនួន ដល់ប្អូនៗ ទាំង០៩ រូបស្រី ០៣ រូប ដើម្បីមានមូលដ្ឋានគ្រឹះ ជាត្រីវិស័យបង្ហាញផ្លូវ សម្រាប់អនុវត្ត តួនាទីភារកិច្ច ជាប្រចាំថ្ងៃ នាពេលខាងមុខ សម្រេចបានជោគជ័យ តាមការរំពឹងស្របតាមគោលនយោបាយ របស់ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្ត : .គោរពបទវិន័យលេខ ៨៧៣ របស់កងកម្លាំងនគរបាលជាតិ, .សាមគ្គីភាព ឯកភាពផ្ទៃក្នុង បង្កើនទំនាក់ទំនង កិច្ចសហការល្អ,.ពង្រឹងសមត្ថភាពជំនាញ តាមរយៈការសិក្សា ស្រាវជ្រាវ រៀនសូត្រ ស្វែងយល់បន្ថែម អំពីភាសារបរទេស ការងារបណ្ដាញសង្គម បច្ចេកទេស ឌីជីថលស្របតាមសម័យកាលប្រទេសជាតិ មានភាពរីកចំរើន គ្រប់វិស័យ ។
ជាកិច្ចចុងក្រោយ លោកស្នងការ បានឧបត្ថម្ភ ថវិកាមួយចំនួន ជូនប្អូនៗ សម្រាប់កាត់បន្ថយការចំណាយដោះស្រាយជាប្រចាំថ្ងៃ ៕