រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុង លី អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកិច្ចប្រជុំបូកសរុប សភាពការណ៍ សន្និដ្ឋាន វាយតម្លៃ កិច្ចប្រតិបត្តិការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ឆមាសទី១ និងទិសដៅបន្ដ ឆ្នាំ២០២៤។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅសាលប្រជុំនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយមានការចូលរួមពី អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យជំនាញទាំង១០។
យោងតាមរបាយការណ៍ដែលអានដោយ លោកវរសេនីយ៍ឯក មុំ ចេក នាយការិយាល័យរដ្ឋបាល-សរុប នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ឆមាសទី១ ឆ្នាំ២០២៤ បទល្មើសជារួមសម្រាប់ប្រតិបត្តិការបង្ក្រាបវិញ សមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការបង្ក្រាបបាន ស្មើ៩០% ធៀបជាមួយនិងសភាពការណ៍រួម។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុង លី និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការស្រាវជ្រាវបង្ក្រាប បង្ការ និងទប់ស្កាត់បតល្មើសនាពេលកន្លងមករបស់កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និយាយដោយឡែក និងនិយាយជារួម របស់កម្លាំងជំនាញព្រហ្មទណ្ឌទូទាំងប្រទេស ដែលសហការគ្នាបានយ៉ាងល្អ។
បើទោះបីការបង្ក្រាបមិនទាន់បាន១០០ភាគរយ ក្នុងចំណោមបទល្មើសដែលកើតឡើងយ៉ាងណាក្ដី ប៉ុន្ដែអគ្គស្នងការរងនគរបាលជាតិ និងប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានក្រើនរំលឹក និងជំរុញបន្ថែមទៀតដល់កម្លាំងជំនាញទាំងអស់ ត្រូវប្រើប្រាស់គ្រប់វិធានការជំនាញ ដើម្បីបន្ដស្រាវជ្រាវសហការបង្ក្រាបរាល់បទល្មើសដែលនៅសេសសល់ សំដៅចូលរួមធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុង លី និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ដាក់បទបញ្ជាឲ្យជំរុញ និងតាមដានក្រុមការងារ សម្រាប់ពង្រឹងការងារព្រហ្មទណ្ឌតាមបណ្ដាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងបង្កើនការងារគ្រប់គ្រងមុខសញ្ញាព្រហ្មទណ្ឌ មុខសញ្ញាក្រុមក្មេងទំនើង (បង្កអុកឡុកតាមមូលដ្ឋាន) ជាដើម៕