MANILA, Aug 11 (Reuters) – កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានថ្កោលទោសសកម្មភាព របស់កងទ័ពអាកាសចិន នៅក្នុងដែនទឹក នៃសមុទ្រចិនខាងត្បូង ដែលប្រទេសទាំង០២បានទាមទារ ដោយហៅសកម្មភាពនេះថា “មិនសមហេតុផល ខុសច្បាប់ និងមិនប្រុងប្រយ័ត្ន” ។
កាលពីថ្ងៃសៅរ៍ ទីក្រុងម៉ានីល និងទីក្រុងប៉េកាំង បានចោទប្រកាន់គ្នាទៅវិញទៅមក ពីបទរំខានដល់ប្រតិបត្តិការយោធារៀងៗខ្លួននៅជុំវិញតំបន់ Scarborough Shoal ជាឧប្បត្តិហេតុដំបូងចាប់តាំងពីលោក Marcos ចូលកាន់តំណែងកាលពីឆ្នាំ២០២២ ហើយហ្វីលីពីនបានត្អូញត្អែរពីសកម្មភាពគ្រោះថ្នាក់ បង្កដោយយន្តហោះចិន ប្រឆាំងនឹងនាវាកងទ័ពជើងទឹក ឬនាវាឆ្មាំឆ្នេរសមុទ្រ ។
កាលពីថ្ងៃសៅរ៍ យោធាហ្វីលីពីន បានថ្កោលទោស “សកម្មភាពដ៏គ្រោះថ្នាក់ និងបង្កហេតុ” នៅពេលដែលយន្តហោះចិន០២គ្រឿង បានចេញសញ្ញាព្រមាន លើផ្លូវរបស់យន្តហោះហ្វីលីពីន ក្នុងអំឡុងពេលល្បាតជាប្រចាំ នៅជុំវិញច្រាំងសមុទ្រកាលពីថ្ងៃព្រហស្បតិ៍ ។
ដោយឡែកបញ្ជាការភាគខាងត្បូង របស់យោធាចិនបានតវ៉ាថា ហ្វីលីពីនបានបង្អាក់ការហ្វឹកហ្វឺន របស់ខ្លួនដោយចោទប្រកាន់ទីក្រុងម៉ានីល ថាបានរំលោភបំពានដោយខុសច្បាប់ ចូលទៅក្នុងដែនអាកាសរបស់ខ្លួន ។
កាលពីថ្ងៃអាទិត្យ លោក Marcos បានជំរុញឲ្យប្រទេសចិន ធ្វើការទទួលខុសត្រូវទាំងឧប្បត្តិហេតុដែនសមុទ្រ និងដែនអាកាស ៕