រាជធានីភំ្នពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ ពៅ អនុប្រធានសេនាធិការដ្ឋាន តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ូ សុផាន ប្រធានសេនាធិការដ្ឋាន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារត្រៀមរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ នៅទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ មានការចូលរួមពី អនុប្រធានសេនាធិការដ្ឋាន ប្រធាន-អនុប្រធាននាយកដ្ឋាន-អង្គភាព និងលោកនាយ-នាយរងការិយាល័យពាក់ព័ន្ធជាច្រើនរូបផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ ពៅ អនុប្រធានសេនាធិការដ្ឋាន បានអនុញ្ញាតឱ្យក្រុមការងារលើកឡើងជាមតិយោបល់ដើម្បីជាធាតុចូល សំដៅឲ្យការរៀបចំកម្មវីធីទទួលបានជោគជ័យ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ ពៅ ក៏បានស្នើសូមឱ្យក្រុមការងារដែលពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យទីតាំងឱ្យបានត្រឹមត្រូវមុនថ្ងៃកម្មវិធីមកដល់ និងត្រៀមរបាយការណ៍ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេចឱ្យបានលឿនក្នុងនោះ ឯកឧត្តម សូមឱ្យក្រុមការងារត្រៀមលក្ខណៈឱ្យបានល្អប្រសើរ ក្នុងការរៀបចំទទួលថ្នាក់ដឹកនាំ សមាជិក សមាជិកាចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ។
ចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ ពៅ ស្នើសូមឱ្យក្រុមការងារទាំងអស់ យកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានភាពជោគជ័យ។
សូមជម្រាបថា កម្មវីធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ គ្រោងនឹងធ្វើនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅសាលប្រជុំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕