បាត់ដំបង៖ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់បញ្ជូនមន្ត្រីជំនាញចូលរួមជា វាគ្មិនក្នុងពិធីផ្សព្វផ្សាយច្បាប់ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ដល់អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ នៅស្រុកកំរៀង ខេត្តបាត់ដំបង ចំនួន៣៨១ នាក់ ( ស្រីចំនួន ១៦៥ នាក់ ) ។
ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានថ្លែងអំណរគុណដល់ក្រសួង ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀននាំមកនូវសុខសុវត្ថិភាពជូន ប្រជាពលរដ្ឋហើយលោកបានចែករំលែក នូវចំណេះដឹងពាក់ព័ន្ធនឹងច្បាប់ស្ដីពី ការត្រួតពិនិត្យគ្រឿងញៀនក៏ដូចជា បច្ចុប្បន្នភាពនៃការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមប្រព័ន្ធបច្ចេកវិទ្យា App NoDrug ។
ក្នុងនាមឯកឧត្តម សុខ សូកាន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងឱកាសនោះដែរ លោកជំទាវ វី ស្រីពៅ បានថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធក៏ដូចជា ប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមគោរពច្បាប់កន្លងមក ការចូលរួមគោរពច្បាប់គឺ ជាសិទ្ធនិងកាតព្វកិច្ច ហើយការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានដឹង និងចូលរួមអនុវត្តច្បាប់គ្រប់គ្នាប្រទេស និងទទួលបាននូវសុខសុវត្ថិភាព មានការរីកចម្រើនកាត់បន្ថយ បាននូវអំពើហិង្សានានា ។
ក្នុងឱកាសនោះដែរ លោកជំទាវ វី ស្រីពៅ បានបំផុសឲ្យអ្នកពាក់ព័ន្ធទាំងអស់ពិសេសយុវជន អាជ្ញាធរមូលដ្ឋានត្រូវតែធ្វើការផ្សព្វផ្សាយ ពីអត្ថប្រយោជន៍នៃការប្រើប្រាស់ App NoDrug ដល់យុវជនឯទៀត និងប្រជាពលរដ្ឋដើម្បីឲ្យពួកគេមានមធ្យោបាយគ្រប់គ្រាន់ក្នុងការសហការរាយការណ៍ សុំការដោះស្រាយរាល់ករណីគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ពួកគាត់៕