General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈុន ចាន់សុខា និងលោកស្រី Amy L. Shuman អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមុខជំនាញ ស្តីពីការផ្តិតស្នាមម្រាមដៃថ្នាក់មូលដ្ឋាន

Loading

រាជធានីភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈុន ចាន់សុខា ប្រធានាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ និងលោកស្រី Amy L. Shuman អនុព័ន្ធច្បាប់ ការិយាល័យស៊ើបអង្កេតសហព័ន្ធ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមុខជំនាញ ស្តីពីការផ្តិតស្នាមម្រាមដៃថ្នាក់មូលដ្ឋាន នៅនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី អនុប្រធានសេនាធិការ , អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌, អនុប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ មន្ត្រីជំនាញពាក់ព័ន្ធ និងសិក្ខាកាមមកពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្តចំនួន២៩រូបផងដែរ។

លោកគ្រូឧទ្ទេសបានវាយតម្លៃ ដល់សិក្ខាកាម ដែលបានរៀនបញ្ចប់វគ្គ ជំនាញផ្តិតស្នាមម្រាមដៃ ទទួលយកបានលទ្ធផលល្អ ប្រហែល ៧៥% ទៅ ៨៥%, លទ្ធផលធម្យម ១៥% ទៅ ២៥% ខ្សោយ គ្មាន ។

លោកស្រី Amy L. Shuman អនុព័ន្ធច្បាប់ ការិយាល័យស៊ើបអង្កេតសហព័ន្ធ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំរាជធានីភ្នំពេញ បានមានប្រសាសន៍កោតសរសើរដល់កម្លាំងនគរបាលជាតិកម្ពុជា ដែលជាច្រើនឆ្នាំមកនេះ នគរបាលជាតិកម្ពុជា និងអង្គភាព FBI បានធ្វើការរួមគ្នាយ៉ាងសស្រាក់សស្រាំ ស្និទ្ធស្នាល សម្របសម្រួល និងបន្តទំនាក់ទំនងយ៉ាងល្អ ក្នុងការផ្លាស់ប្ដូរព័ត៌មាន បទពិសោធន៍កំណត់សកម្មភាពរបស់ឧក្រិដ្ឋជន ប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសនានា។
លោកស្រី Amy L. Shuman ក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ជាពិសេសមន្ត្រីជំនាញ ដែលបានរួមគ្នាបើកវគ្គបណ្ដុះបណ្ដាលនេះឡើងតាមការគ្រោងទុក។ លោកស្រី បន្តថា តាមរបាយការណ៍បូកសរុបលទ្ធផលនៃវគ្គសិក្សារយៈពេល៥ថ្ងៃនេះ សិក្ខាកាមមានការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែង ចូលរួមយ៉ាងសកម្ម ចាប់បានចំណុចគន្លឹះ និងរូបមន្តល្អៗដែលអាចយកទៅប្រើប្រាស់បំរើកិច្ចការជំនាញពេលត្រឡប់ទៅអង្គភាពដើមវិញ និងបន្តយកចំណេះដឹង សំភារៈសិក្សា មេរៀន និងឧបករណ៍ប្រើប្រាស់ ទៅចែករំលែកបន្ត ដែលគណៈគ្រប់គ្រង់វគ្គជឿជាក់ថា ប្រាកដជាទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។

ជំនួសមុខឲ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួងង សុធា អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំ នាយកដា្ឋនកណ្តាលនគរបាលយុត្តិធម៌ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈុន ចាន់សុខា ប្រធានាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ បានថ្លែងអំណរគុណ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលបានអនុញ្ញាតឲ្យមានការរៀបចំវគ្គបណ្តុះបណ្តាលទាំងពីរនេះឡើង ក្រោមការផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ដោយមានកិច្ចសហការជួយឧបត្ថម្ភគាំទ្រទាំងស្មារតី ឧបករណ៍សម្ភារៈ របស់អនុព័ន្ធច្បាប់ ការិយាល័យស៊ើបអង្កេតសហព័ន្ធ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំរាជធានីភ្នំពេញ និងអង្គភាព CJIS (FBI) ។

ឯកឧត្តមបន្តថា ការអប់រំ និងការបណ្តុះបណ្តាល ធនធានមនុស្សនាពេលបច្ចុប្បន្ននេះ គឺជាកត្តាសំខាន់ណាស់ ដែលអាចជួយឲ្យប្រទេសរបស់យើងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ជាពិសេសរយៈពេលប៉ុន្មានថ្ងៃមកនេះ យើងក៏បានធ្វើការបណ្តុះបណ្តាលផ្តល់ចំណេះដឹងឲ្យដល់មន្រ្តីនគរបាលជាតិ ឲ្យមានជំនាញវិជ្ជាជីវៈក្នុងការកំណត់អត្តសញ្ញាណស្នាមម្រាមដៃ និងវិធីសាស្ត្រការស្វែងរក ការប្រមូល ការវេចខ្ចប់ស្នាមម្រាមដៃអាថ៌កំបាំងនៅកន្លែងកើតហេតុ នេះក៏ជាមុខវិជ្ជាដែលមានទំនាក់ទំនងទៅនឹងការប្រយុទ្ធប្រឆាំងសកម្មភាពបទល្មើសផ្សេងៗ តាមរយៈបច្ចេកទេសស៊ើបអង្កេត និងតាមរយៈការប្រើប្រាស់វិធីសាស្ត្រ ព្រមទាំងបច្ចេកវិទ្យាដែលមានលក្ខណៈវិទ្យាសាស្ត្រ។ ឯកឧត្តមបន្តថា វគ្គបណ្តុះបណ្តាលនេះ ក្នុងគោលបំណងបង្កើនសមត្ថភាព និងជំនាញវិជ្ជាជីវៈរបស់សិក្ខាកាម ដែលជាមន្ត្រីនគរបាលអនុវត្តច្បាប់ ដូច្នេះត្រូវតែមានសមត្ថភាពផ្នែកបច្ចេកទេសស៊ើបអង្កេត និងការប្រមូលភស្តុតាងនានានៅកន្លែងកើតហេតុ ជាពិសេសភស្តុតាងស្នាមម្រាមដៃ ការបណ្តុះបណ្តាលនេះ ក៏បង្ហាញផងដែរ ក្នុងការគិតគួរពិចារណា ថាតើការប្រើប្រាស់ស្នាមម្រាមដៃនឹងចូលរួមជួយដល់ ការអភិវឌ្ឍន៍សង្គមជាតិ និងបង្ការទប់ស្កាត់បទល្មើសយ៉ាងដូចម្តេចនាពេលអនាគត។

ឯកឧត្តមប្រធានាយកដ្ឋាន ក៏បានផ្ដល់អនុសាសន៍ចំនួន៦ចំណុច ដល់សិក្ខាកាមដែលបានបញ្ចប់វគ្គ ពេលត្រឡប់ទៅបម្រើការងារនៅអង្គភាពវិញ ៖
១-ត្រូវយកចិត្តទុកដាក់រក្សាការពារកន្លែងកើតហេតុឲ្យមានសុវត្ថិភាព ។
២-ពេលទទួលបានពាក្យបណ្ដឹងនៃបទល្មើសពីប្រភពផ្សេងៗ ឬបានដឹងពីបទល្មើសកើតឡើងត្រូវរូតរះធ្វើដំណើរចុះទៅកន្លែងកើតហេតុ ដោយមានមធ្យោបាយ និងធនធានគ្រប់គ្រាន់ ដើម្បីឈានទៅគ្រប់គ្រងកន្លែងកើតហេតុ ដោយមានលោកព្រះរាជអាជ្ញាជាអ្នកដឹកនាំសម្របសម្រួលនូវគ្រប់ដំណាក់កាល នៃការងារស្រាវជ្រាវស៊ើបអង្កេតទីតាំងកន្លែងកើតហេតុនីមួយៗ។
៣-ត្រូវយកចំណេះដឹងបានពីការសិក្សា ទៅសិក្សាធ្វើពិសោធន៍ជាបន្តបន្ទាប់ ឲ្យប្រែក្លាយទៅជាការងារស៊ើបអង្កេតជាក់ស្តែងនៅកន្លែងកើតហេតុ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងសកម្មភាព បទល្មើសគ្រប់ទម្រង់។
៤-ត្រូវយកចិត្តទុកដាក់ ខិតខំ អត់ធ្មត់ ហ្មត់ចត់ ក្នុងការងារស្វែងរក ប្រមូល វេចខ្ចប់ ភស្តុតាងនៅកន្លែងកើតហេតុ ជាពិសេសស្នាមម្រាមដៃ សំណាកជីវសាស្ត្រ DNA និងកត់ត្រាព័ត៌មាន នៃភស្តុតាងឲ្យគ្រប់គ្រាន់ ហើយត្រូវចេះសម្រិតសម្រាំងយកភស្តុតាងបានមកពីការធ្វើកោសល្យវិច័យខាងបច្ចេកទេសវិទ្យាសាស្ត្រដាក់បញ្ចូលទៅក្នុងរបាយការណ៍ស៊ើបអង្កេតបញ្ជូនទៅតុលាការ ដាក់បន្ទុកលើជនសង្ស័យឲ្យបានធ្ងន់ធ្ងរ កាត់ទោសទៅតាមផ្លូវច្បាប់។
៥-ត្រូវចេះគ្រប់គ្រងថែរក្សាភស្តុតាង និងសំណុំឯកសារ នៃរឿងក្តីនីមួយៗឲ្យបានត្រឹមត្រូវ ទៅតាមគោលការណ៍ណែនាំ និងធានាសុវត្ថិភាពឲ្យបាន១០០%។
៦-ត្រូវយកចិត្តទុកដាក់ គ្រប់គ្រងថែរក្សា និងការប្រើប្រាស់ឧបករណ៍ សម្ភារៈបច្ចេកទេស ស៊ើបអង្កេតឲ្យត្រឹមត្រូវ សមស្របតាមមុខជំនាញ ចៀសវាងការខូចខាត បាត់បង់ដោយមិនដឹងមូលហេតុ ជាពិសេសត្រូវត្រួតពិនិត្យមើលជាប្រចាំ ក្រោយពេលការចាកចេញពីទីតាំងកន្លែងកើតហេតុ៕