General Commissariat of National Police
.

លោកឧត្តមសេនីយ៍ត្រី ហេង សុផល ដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខមន្ត្រីនគរបាលជាតិ ដែលសម្រាកព្យាបាលជម្ងឺ នៅគេហដ្ឋាន

Loading

កំពង់ធំ៖ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានឆ្លៀតពេលវេលា ដ៏មមាញឹកពីការងារ ដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខមន្ត្រីនគរបាលជាតិ ដែលសម្រាកព្យាបាលជម្ងឺ នៅគេហដ្ឋាន ស្ថិតក្នុងភូមិ ស្លាកែត សង្កាត់ ព្រៃតាហ៊ូ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។

លោកវរសេនីយ៍ឯក សៀក បាន នាយការិយាល័យសុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ជួបគ្រោះថ្នាក់ចរាចរណ៍ នាពេលកន្លងមក បណ្ដាលឲ្យរបួសធ្ងន់ ត្រូវបានគ្រួសារលោក បញ្ជូនទៅពិនិត្យព្យាបាលជម្ងឺ នៅមន្ទីរពេទ្យរាជធានីភ្នំពេញ មួយរយៈ ដោយមានការយកចិត្តទុកដាក់ ថែទាំ ពីលោកគ្រូ អ្នកគ្រូពេទ្យ ធ្វើឲ្យស្ថានភាពជម្ងឺរបស់ លោក សៀក បាន មានការធូរស្រាល គ្រួសារលោកនាំមកសម្រាកព្យាបាលជម្ងឺ នៅគេហដ្ឋានវិញ។

លោកឧត្តមសេនីយ៍ ពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ។

ជានិច្ចកាល ថ្នាក់ដឹកនាំតែងតែយកចិត្តទុក្ខដាក់គិតគូរអំពី សុខទុក្ខរបស់បងប្អូនកងកម្លាំងនគរបាលជាតិ ដែលបំពេញភារកិច្ច បេសកកម្ម តាមបណ្តាគោលដៅគ្រប់មូលដ្ឋានទូទាំងខេត្ត ។

លោកស្នងការ មានប្រសាសន៍ ណែនាំ ដល់អ្នកជម្ងឺ ត្រូវបន្តការធ្វើអនាម័យជាប្រចាំថ្ងៃ តាមរយៈការរស់នៅស្អាត ការបរិភោគស្អាត ពិសារឱសថ ត្រឹមត្រូវតាមការកំណត់ សម្រាកគ្រប់គ្រាន់ក្នុងម៉ុងជ្រលក់ថ្នាំ ព្យាយាមហាត់ប្រាណ ពង្រឹងកាយសម្បទា ទើបឆាប់ជាសះស្បើយពីជំងឺ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្នងការ បានប្រគល់គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងថវិកាមួយចំនួន សរុបថវិកា ១២៥០០០០ រៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់អ្នកជម្ងឺ សម្រាប់ការចំណាយដោះស្រាយជីវភាពជាប្រចាំថ្ងៃ។

លោក សៀក បាន និងភរិយា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់និងលោក ស្នងការនគរបាលខេត្ត ដែលបានចំណាយពេលវេលា ដ៏មានតម្លៃ ចុះសាកសួរសុខទុក្ខ ប្រគល់សម្ភារៈ ថវិកាដល់គ្រួសារលោក និងគោរពជូនពរចំពោះថ្នាក់ដឹកនាំ សូមសមប្រកបជួបប្រទះតែពុទ្ធពរទាំង៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕