General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក  ឈិន សារី ប្រកាសបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

Loading

ខេត្តកំពង់ធំ ៖ នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក  ឈិន សារី អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាមហាផ្ទៃ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។

លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានរាយការណ៍អំពីរចនាសម្ព័ន្ធ របស់កងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ត និងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ រយៈពេលកន្លងមក ធានាសុខសុវត្ថិភាពល្អប្រសើរ ជូនប្រជាពលរដ្ឋ ប្រកបដោយសុខដុមរម្យនា ។

លោកឧត្តមសេនីយ៍ ស្នងការ បន្តថ្លែងថា ក្នុងនាមលោកជាប្រធានអង្គភាព និងកងកម្លាំងក្រោមឱវាទ សូមគាំទ្រចំពោះការអញ្ជើញមកបំពេញបេសកកម្មការធ្វើសវនកម្ម នៅស្នងការដ្ឋាននគរបាលខេត្ត  ហើយបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការផ្ដល់កិច្ចសហការជាមួយក្រុមការងារ របស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង ផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ និងឯកសារពាក់ព័ន្ធលើវិស័យ ជំនួញនីមួយៗ សំដៅលើកកម្ពស់ការងារ ៖ គ្រប់គ្រងកងកម្លាំង គ្រប់គ្រងការងារភស្តុភារ និងហិរញ្ញវត្ថុ គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ គ្រប់គ្រងអចលនទ្រព្យ និងការផ្គត់ផ្គង់របបឧបត្ថម្ភផ្សេងៗ ដែលស្ថិតក្រោមដែនសមត្ថកិច្ច របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ឲ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសុច្ចរិតភាព រួមចំណែកពង្រឹងការងារអភិបាលកិច្ចល្អ និងការអភិវឌ្ឍន៍កងកម្លាំងនគរបាលជាតិ ឲ្យបានល្អប្រសើរ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈិន សារី អគ្គនាយករងសវនកម្មផ្ទៃក្នុង បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះថ្នាក់ដឹកនាំ កងកម្លាំងគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត ដែលយកអស់កម្លាំងកាយ កម្លាំងចិត្ត ខិតខំប្រឹងប្រែង ចូលរួមអនុវត្តតួនាទី ភារកិច្ច តាមឋានានុក្រម របស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យកិច្ចការងារទាំងឡាយទទួលបានជោគជ័យគួរជាទីមោទនៈ។

ឯកឧត្តម បានបញ្ជាក់ថា ការចុះធ្វើសវនកម្មផ្ទៃក្នុង គឺដើម្បីត្រួតពិនិត្យ វាយតម្លៃលើវវឌ្ឍនភាពការងារ កែលម្អ ចំណុចខ្វះខាតមួយចំនួន ដែលកើតមានឡើង ក្នុងឆ្នាំនីមួយៗ ពិនិត្យទៅលើការគ្រប់គ្រងធនធានមនុស្ស គ្រប់គ្រងហិរញ្ញវត្ថុ គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ (ចលនទ្រព្យ និងអចលនទ្រព្យ) ពិនិត្យលើការគ្រប់គ្រងបញ្ជីវត្តមាន ព្រមទាំងត្រួតពិនិត្យលើកញ្ចប់ថវិកា គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ត្រួតពិនិត្យលើប្រព័ន្ធលើកទឹកចិត្ត ដល់មន្ត្រីនគរបាលជាតិ លើកទិសដៅសម្រាប់អនុវត្តបន្តផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តម បន្តថ្លែងថា ការចុះធ្វើសវនកម្មផ្ទៃក្នុង គឺដើម្បីពិនិត្យលើ តួនាទី ភារកិច្ច ដែលមន្ត្រីនគរបាលជាតិ សម្រេចបាន អនុវត្តយោងតាមសេចក្តីប្រកាស របស់ក្រសួងមហាផ្ទៃ ស្តីពីការគ្រប់គ្រង ប្រើប្រាស់ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ និងការគ្រប់គ្រង់ប្រើប្រាស់អាវុធជាតិផ្ទុះ និងមធ្យោបាយ បេសកកម្ម ការពារ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ។

ឯកឧត្តម បានសង្ឃឹមជឿជាក់ថា ការចុះធ្វើសវនកម្ម ផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាឱកាសនេះ ទទួលបានជោគជ័យ តាមការរំពឹងទុក សម្រេចបានស្របតាមគោលនយោបាយសុីជំរៅ របស់រាជរដ្ឋាភិបាល៕