ពោធិ៍សាត់៖ នៅព្រឹកថ្ងៃអង្គារ៍ទី០៦ ខែសីហា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបើកសិក្ខាសាលា ស្តីពី សុខភាពនគរបាល និងការសិក្សាអំពីការបង្កើត គិលានដ្ឋាន ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ជុំ ហេង អគ្គនាយករង តំណាងខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត និងមានការអញ្ជើញចូលរួម ពីលោក លោកស្រី ស្នងការរង លោកអធិការនគរបាលក្រុង ស្រុកទាំង៧ និងសិក្ខាកាមចូលរួមផងដែរ ។
លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត បានអានរបាយការណ៍ស្វាគមន៍ និងបានលើកឡើងអំពីបញ្ហាប្រឈមអំពីមធ្យោបាយរថយន្តសង្គ្រោះ គ្រឿងបរិក្ខាពេទ្យ និងជម្ងឺដែលកម្លាំងនគរបាលតែងតែ កើតមានឡើង ដូចជាជម្ងឺលើកសម្ពាធឈាម លើសជាតិខ្លាញ់ ជាតិអាស៊ីត ជម្ងឺទឹកនោមផ្អែម ដែលតម្រូវឲ្យកងកម្លាំងយកចិត្តទុកស្វែងយល់ និងវិធីសាស្ត្របង្ការ មានប្រសិទ្ធភាព ក្នុងនោះដែរលោកស្នងការបានផ្តាំផ្ញើឲ្យកម្លាំងខិតខំយកចិត្តទុកដាក់ សិក្សាពីគ្រូឧទ្ទេស និងលោកវជ្ជបណ្ឌិត ហើយយកចំណេះដឹងទាំងនោះ ទៅផ្សព្វផ្សាយដល់កងកម្លាំងនៅតាមបណ្តាអង្គភាព និងក្រុមគ្រួសារ ។
លោកឧត្តមសេនីយ៍ទោ ជុំ ហេង បានមានប្រសាសន៍ថា ដោយយល់ឃើញនៅបញ្ហាប្រឈមស្តីពីសុខភាពនគរបាល អគ្គនាយកដ្ឋានភស្តុភារ និងហរិញ្ញវត្ថុ បានរៀបចំឲ្យមានសិក្ខាសាលា នេះឡើងក្នុងគោលបំណង ដើម្បីអោយនគរបាលម្នាក់ៗ សិក្សាស្វែងយល់អំពីសុខភាពផ្ទាល់ខ្លួន បន្ថែមការយល់ដឹងអំពីជម្ងឺឆ្លង និងជម្ងឺមិនឆ្លងមួយចំនួន ដើម្បីបង្ការ និងការរក្សាអនាម័យ បរិស្ថានរស់នៅប្រចាំថ្ងៃ អាចជួយដល់សហគមន៍ និងសង្គ្រោះអ្នករងគ្រោះក្នុងពេលចុះប្រតិបត្តិការ រក្សា អនាម័យ បរិស្ថានស្អាត នៅអង្គភាពអោយបានជាប្រចាំ។ ការស្វែងយល់អំពីសុខភាពនគរបាល គឺមានសាៈសំខាន់ ដែលឲ្យមន្ត្រីនគរបាលចេះបង្ការខ្លួនពីជម្ងឺផ្សេងៗ ពង្រឹងរបបអាហារ កាត់បន្ថយហូបចុកមិនចាំបាច់ ថែទាំ សុខភាព ឲ្យបានរឹងមាំ សំដៅចូលរួមរក្សាបាន សុខសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ជូនបងប្អូនប្រជាពលរដ្ឋ និងប្រទេសជាតិ ។
លោកឧត្តមសេនីយ៍ទោ អគ្គនាយករង បានបើកផ្តល់នូវមុងជ្រលក់ថ្នាំ ជូនដល់ស្នងការដ្ឋាន និងបណ្តាអធិការដ្ឋានផងដែរ៕