កំពង់ធំ៖ ដោយមើលកងកម្លាំង ជួបការលំបាក លោកឧត្តមសេនីយ៍ ស្នងការ បានលើកទឹកចិត្ត ផ្ដល់ភាពកក់ក្ដៅ ថែមទាំងឧបត្ថម្ភ សម្ភារៈថវិកាមួយចំនួនទៀត មិនបោះបង់ចោល បងប្អូនមានជំងឺឈឺថ្កាត់ឡើយ ។
លោកវរសេនីយ៍ត្រី សៀក រង្សី នាយផ្នែកការិយាល័យនគរបាលទេសចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត (ជួបគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីបំពេញបេសកកម្ម) ដោយស្ថានភាពជំងឺធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារ បញ្ជូនរូបលោក ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ រាជធានីភ្នំពេញ មួយរយៈ ដោយមានការយកចិត្តទុកពីសំណាក់លោកគ្រូពេទ្យ ជម្ងឺលោកធូរស្រាលល្អប្រសើរឡើង។
បន្ទាប់ពីទទួលបានព័ត៌មាន ខាងលើ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខ មន្ត្រីនគរបាលជាតិ ដែលសម្រាកព្យាបាលជម្ងឺ នៅគេហដ្ឋានស្ថិតក្នុងភូមិ ជាយស្បៃកកោះ ស្រុក សន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានពាំនាំប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជានិច្ចកាល ថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ អំពីសុខទុក្ខ របស់កងកម្លាំងនគរបាលជាតិ ដែលបំពេញតួនាទី ភារកិច្ច បេសកកម្ម តាមបណ្តាគោលដៅសំខាន់ៗ ក្នុងភូមិសាស្ត្រខេត្ត ធានារក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ។
លោកស្នងការ ផ្ដាំផ្ញើ ដល់អ្នកជម្ងឺ សូមធ្វើអនាម័យជាប្រចាំ បរិភោគម្ហូបអាហារចម្អិនឲ្យបានឆ្អិនល្អ ពិសារឱសថ តាមការណែនាំរបស់លោកគ្រូពេទ្យ សម្រាកក្នុងម៉ុងជាប្រចាំ ព្យាយាមហាត់ប្រាណ តាមអ្វីដែលអាចធ្វើទៅបាន។
លោកបាន ឧបត្ថម្ភ ភេសជ្ជៈប៉ូវកំលាំង និងថវិកាចំនួន ១,៥០០,០០០រៀល ដើម្បីចូលរួមសម្រាលដោះស្រាយការចំណាយជាប្រចាំថ្ងៃ និងប្រសិទ្ធពរជ័យ ជូនចំពោះអ្នកជម្ងឺឆាប់ជាសះស្បើយ ដើម្បីវិលត្រលប់មកជួបជុំកងកម្លាំងនគរបាលជាតិ ចូលរួមបំពេញ តួនាទី ភារកិច្ចជំនាញ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បន្តទៀត។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ ស្នងការ បានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ ដែលមានជីវភាព ខ្វះខាតជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន០២ គ្រួសារបន្ថែមទៀត៖១.លោក លី ព្រីងនិងលោក ញ ថុល ស្ថិតនៅគេហដ្ឋានក្នុងភូមិ ស៊ីវត្ថា ឃុំប្រាសាទ ស្រុកសន្ទុក។
លោកស្នងការ មានប្រសាសន៍ ផ្ដាំផ្ញើ សូមបងប្អូនថែទាំសុខភាព តាមរយៈការរស់នៅ មានអនាម័យជាប្រចាំ, .ហាត់ប្រាណពង្រឹងកាយសម្បទា,.បន្តបង្ករបង្កើនផល ចិញ្ចឹមសត្វ តាមក្រុមគ្រួសារនីមួយៗ ដើម្បីជួយសម្រាលចំណាយដោះស្រាយជីវភាព ឲ្យកាន់តែប្រសើរឡើង, .ចូលរួមគោរពប្រតិបត្តិ ច្បាប់ចរាចរណ៍ផ្លូវគោក, .សហការ បង្ការ ទប់ស្កាត់បទល្មើសក្មេងទំនើង និងបទល្មើសគ្រឿងញៀន ជាពិសេសអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់ ។
លោកស្នងការ ឧបត្ថម្ភ ក្នុងមួយគ្រួសារ ទទួលថវិកា ៧០០,០០០រៀល និងភេសជ្ជៈមួយចំនួនទៀត ។លោកស្រី អ៊ិត រីម បានគោរពជូនពរ ជូនចំពោះថ្នាក់ដឹកនាំ សូមសមប្រកបជួបប្រទះតែពុទ្ធពរទាំង៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕