ព្រះវិហារ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក ជាមេបញ្ជាការកងពលធំអន្តរាគមន៍ លេខ៣ និងលោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ជាមេបញ្ជាការគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អញ្ជើញចូលរួមជាសហគណធិបតី បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ បទល្មើសគ្រឿងញៀន និងបទល្មើសឆ្លងដែនខុសច្បាប់នានានៅទិសភូមិភាគទី៤ ប្រព្រឹត្តទៅនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ ចំណុះកងពលធំអន្តរាគមន៍លេខ៣ (អូរជុញ) ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដល់នាយទាហាន និងនាយនគរបាលទាំងអស់ ដែលកំពុងឈរជើងប្រចាំការនៅទិសភូមិភាគទី៤។
សមាសភាពចូលរួមមាន មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧, លេខ៨, លេខ៩ និងមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥, លេខ៧៩៣, លេខ៧៩៥ និងអន្តរាគមន៍។
បន្ទាប់មកនារសៀលថ្ងៃដដែលនេះ លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ជាមេបញ្ជាការគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ បានបន្តដំណើរដឹកនាំក្រុមការងារ អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងពង្រឹងណែនាំរបៀបរបបការងារជំនាញ នៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោកកំពង់ស្រឡៅ១ ដើម្បីបង្ការទប់ស្កាត់បង្ក្រាបរាល់បទល្មើសឆ្លងដែនខុសច្បាប់នានា តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ទិសភូមិភាគទី៤។
ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ទោ សុឹម សំអាត បាននាំយកថវិកាឧបត្ថម្ភប្រចាំខែ ស្បៀងអាហារក្រៀម ប្រេងសាំង និងសម្ភារៈប្រើប្រាស់មួយចំនួនរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ មកប្រគល់ជូនកងកម្លាំងកំពុងឈរជើងប្រចាំការនៅទីបញ្ជាការស្រាលប្រចាំតំបន់កំពង់ស្រឡៅ តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ដូចខាងក្រោម៖
១. តង់ជម្រក ៣ម៉ែត្រ x ៦ម៉ែត្រ ចំនួន ១០តង់
២. ពោងសង្រ្គោះ ចំនួន ១០ពោង
៣. អាវពោង ចំនួន ៣០អាវ
៤. អង្ករ ១តោន
៥. មីម៉ាម៉ា ៥កេសធំ
៦. ត្រីខកំប៉ុង ៥កេសធំ
៧. ប្រេងសាំង ៣០០លីត្រ
៨. ថវិកា ៥.០០០.០០០រៀល៕