General Commissariat of National Police
.

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ចាត់តំណាង ដឹកនាំគណៈប្រតិភូ អគ្គស្នងការដ្ឋាននគរបាលជាតិ នាំយកសាររំលែកទុក្ខ និងបច្ច័យ ៥លានរៀល ជូនគ្រួសារអាកាសយានិកដែលបានពលីក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅខេត្តពោធិ៍សាត់

Loading

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ជាតំណាងដឹកនាំគណ:ប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពអាកាសយានិកដែលបានពលីជីវិតក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រលើភ្នំយ៉ាវយ៉ៃ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ពិធីបុណ្យសពធ្វើឡើងនៅ បញ្ជាការដ្ឋានកងទ័ពជើងអាកាស ។

តាងនាមថ្នាក់ដឹកនាំកងកម្លាំងនគរបាលជាតិ និងក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មានសេចក្ដីក្ដុកក្ដួលសោកស្តាយជាអនេក ដោយបានទទួលដំណឹងដ៏សែនរន្ធត់ និងក្រៀមក្រំអំពីឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រលើភ្នំយ៉ាវយ៉ៃ ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលបានបណ្តាលឱ្យលោកវរសេនីយ៍ទោ ស៊ុន ផល្លា និងលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ដែលជាអាកាសយានិកនៃកងទ័ពជើងអាកាស ពលីជីវិតកាលពីថ្ងៃសៅរ៍ ៨កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ។
នៅក្នុងមរណទុក្ខដ៏ក្តុកក្តួលនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរង បាននាំសាររំលែកទុក្ខ និងយកបច្ច័យចំនួន ៥លានរៀល របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ប្រគល់ជូនក្រុមគ្រួសារសពអាកាសយានិកទាំងពីរ និងបានចាត់ទុកថា មរណភាពរបស់អាកាសយានិកទាំងពីររូប គឺជាការបាត់បង់នូវសមាជិកគ្រួសារជាទីស្រលាញ់ ក៏ដូចជាការបាត់បង់នូវយុទ្ធជន និងធនធានមនុស្សដ៏ល្អ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងសេចក្តីសុខផ្ទាល់ខ្លួន រហូតអវសាននៃជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ។
ស្ថិតក្នុងពេលវេលាដ៏សែនក្រៀមក្រំសោកសង្រេងជាទីបំផុតនេះ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមចូលរួមរំលែកមរណទុក្ខដោយក្តីសោកស្តាយអាឡោះ អាល័យ និងសូមបួងសួងឧទ្ទិសផលបុណ្យកុសលជួយយិតយោងដួងវិញ្ញាណក្ខន្ធរបស់ អាកាសយានិកទាំងពីរូប សូមឆាប់បានយោនយកកំណើត ចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕