General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ី សុខឃី អំពាវនាវភ្នាក់ងារសន្ដិសុខឯកជន បន្ដចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព និងរាយការណ៍ជូនសមត្ថកិច្ចបើឃើញមានបទល្មើសកើតឡើង

Loading

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានអំពាវនាវដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវបន្ដចូលរួមអនុវត្តនូវគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល សំដៅចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយនៅក្នុងសង្គម។
ក្នុងឱកាសអញ្ជើញជាតំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៦២ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានក្រើនរំលឹកដល់ភ្នាក់ងារសន្ដិសុខឯកជន ត្រូវបង្កើតកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរនៅមូលដ្ឋាន ជាពលរដ្ឋល្អ និងមហាជនល្អ, ជាកម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច, សហការបានល្អឆ្លើយតបបានទាន់ពេលវេលា។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានអះអាងថា នៅពេលខ្លួនបានឃើញ ឬសង្ស័យលើសកម្មភាពល្មើសច្បាប់ណាមួយ មិនថាស្ថិតនៅក្នុងទីតាំងខ្លួនឈរជើង ឬទីណានោះទេ ត្រូវរាយការណ៍ភ្លាម ដល់អាជ្ញាធរមានសមត្ថកិច្ច ឬមកនាយកដ្ឋាន ផ្ទាល់តាមរយៈលេខទូរស័ព្ទ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសបានទាន់ពេលវេលា។
បន្ថែមពីនេះ ភ្នាក់ងារសន្ដិសុខឯកជន ដែលទទួលបានការបណ្ដុះបណ្ដាលបំប៉នជំនាញវិញ លោកបានស្នើឲ្យប្រកាន់ខ្ជាប់ឥរិយាបថសមរម្យក្នុងការចូលរួមធ្វើការងារ គោរពឲ្យបាននូវលក្ខណៈសម្បត្តិជាភ្នាក់ងារសន្តិសុខឯកជន៖ ត្រូវមានវិន័យ, ក្រមសីលធម៌, ប្រើប្រាស់ឯកសណ្ឋានសន្តិសុខឯកជន និងសម្ភារៈបំពាក់ឲ្យបានគ្រប់គ្រាន់។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ី សុខឃី។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ី សុខឃី អំពាវនាវដល់នាយកក្រុមហ៊ុនផ្ដល់សេវាសន្តិសុខឯកជន និងគ្រឹះស្ថាននានា បន្តចូលរួមគាំទ្រវគ្គបណ្ដុះបណ្ដាល ដោយបញ្ជូនភ្នាក់ងារសន្តិសុខឯកជនមកចូលរួមវគ្គសិក្សា។ សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សានេះទៅអនុវត្ត និងបន្តពង្រីកចំណេះដឹង ភាពឆ្លាតវៃ ភាពឆ្នៃប្រឌិត និងមានភាពទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន។
យោងតាមរបាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានឲ្យដឹងថា វគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន លើកទី៦២ ប្រព្រឹត្តទៅចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ដែលសិក្ខាកាមចំនួន១០៤នាក់ (ស្រី២នាក់) ក្នុងនោះ ភ្នាក់ងារសន្តិសុខឯកជនផ្តល់សេវាកម្ម ចំនួន៥៨នាក់, ភ្នាក់ងារសន្តិសុខឯកជនមិនបម្រើសេវាកម្ម ចំនួន២៨នាក់មក។
ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានអះអាងថា បច្ចុប្បន្ននេះ ការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន សរុប ៦២លើក ដែលមានសិក្ខាកាមជាភ្នាក់ងារសន្តិសុខឯកជន ចំនួន១០,៥១៣នាក់ (ស្រី២២៦នាក់) និងសិក្ខាកាមជានគរបាលជាតិ ចំនួន២៤៧នាក់ (ស្រី២០នាក់)៕