បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ២០២៤ នៅចំណុចកំណាត់ផ្លូវជាតិលេខ៥ ព្រំប្រទល់ខេត្តបាត់ដំបង និងភូមិភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានពលរដ្ឋម្នាក់ជាអ្នករត់តាក់ស៊ី ត្រូវបានអ្នកដំណើរបើករថយន្តរត់គេចខ្លួន ខណះអ្នកបើកបររវល់ចុះឈឺនោម ភ្លាមៗនោះជនរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។
ជនរងគ្រោះឈ្មោះ ឆែម ថែរ៉ាត់ ភេទ ប្រុស អាយុ ៣១ ឆ្នាំ នៅភូមិបឹងអណ្តែន ឃុំតាសុះ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ជាម្ចាស់រថយន្ត ម៉ាកលុចស៊ិស R.X300ពណ៌ទឹកប្រាក់ សេរីឆ្នាំ១៩៩៩ ពាក់ស្លាកលេខ ភ្នំពេញ 2Q ៧៧០២ លេខតួ.M.C.U.150067105 លេខម៉ាសុីន.1M.Z.0748126។ មានមុខរបរ ជាអ្នករត់តាក់ស៊ី។
មុនពេលកើតហេតុ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ២០២៤ ជនរងគ្រោះ បានដឹកភ្ញៀវ(អ្នកដំណើរ) ដល់ចំនុចមួយលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងខេត្តបាត់ដំបង អ្នកបើកបរបបានចុះឈឺនោម ភ្លាមនោះត្រូវបានអ្នកដំណើរអង្គុយកៅអីមុខយករថយន្តរបស់ខ្លួនបើករត់គេចខ្លួន ចូលខេត្តបន្ទាយមានជ័យ ជនរងគ្រោះក៏បានរាយការណ៍ជូននគរបាលជួយអន្តរាគមន៍ ដោយអះអាងថា ខ្លួនត្រូវបានគេលួចរថយន្ត។
បន្ទាប់ពីទទួលបានពត៌មាននេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់នគរបាលទូទាំងខេត្ត កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ចុះស្រាវជ្រាវ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នគរបាលយើងបានរកឃើញរថយន្ត នៅចំនុចវត្តគោកធ្នុង ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ (ជនសង្ស័យរត់គេចអស់)។ រថយន្តត្រូវបានប្រគល់ជូនម្ចាស់ដើមវិញរួចរាល់។
នគរបាលបន្តការស្រាវជ្រាវលើករណីនេះ ដើម្បីឃាត់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់៕