WASHINGTON, Jan 8 (Reuters) – សហរដ្ឋអាមេរិកត្រូវបានរំពឹងថា នឹងប្រកាសផ្តល់ជំនួយផ្នែកយោធាចំនួន ៥០០លានដុល្លារ សម្រាប់ប្រទេសអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍ ក្នុងសន្និសិទស្តីពីការសន្យាផ្តល់អាវុធចុងក្រោយរបស់ប្រធានាធិបតីចូ បាយឌិន ជាកិច្ចប្រជុំដែលទីក្រុងគៀវនិយាយថាមានសារៈសំខាន់ចំពោះការការពារជាតិប្រឆាំងនឹងរុស្សី។
ក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន (UDCG) ដែលមានសម្ព័ន្ធមិត្តប្រហែល៥០ និងមានកិច្ចប្រជុំរៀងរាល់ពីរបីខែម្តងនៅឯមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ បានចាប់ផ្តើមតាំងពីឆ្នាំ២០២២ ដោយរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin ដើម្បីបង្កើនល្បឿន និងធ្វើសមកាលកម្មការបញ្ជូនអាវុធទៅកាន់ទីក្រុងគៀវ។
អនាគតរបស់ក្រុមនេះនៅមិនច្បាស់លាស់ទេ ដោយសារប្រធានាធិបតីជាប់ឆ្នោតលោកដូណាល់ ត្រាំ នឹងចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។ ហើយក្រុមទីប្រឹក្សារបស់លោកត្រាំ បានបង្ហោះសំណើបញ្ចប់សង្រ្គាម ដែលអ៊ុយក្រែននឹងប្រគល់ផ្នែកធំនៃប្រទេសខ្លួនទៅឱ្យប្រទេសរុស្សីក្នុងអនាគតដ៏ខ្លីខាងមុខ។
មន្ត្រីអាមេរិកម្នាក់បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានសន្យាផ្តល់ជំនួយវិស័យសន្តិសុខច្រើនជាង ៦៣,៥ពាន់លានដុល្លារអាមេរិក ដល់អ៊ុយក្រែនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ហើយទឹកប្រាក់បន្ថែមចំនួន ៥០០លានដុល្លារអាមេរិក អាចត្រូវបានប្រកាសនៅថ្ងៃពុធ។