បន្ទាយមានជ័យ៖ ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ថ្លែងបែបនេះក្នុងមីទ្ទិញអបអរសាទរខួបលើកទី៤៦នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) និងវត្តមាននិមន្តចូលរួម និងចូលរួមពី ព្រះសង្ឃ សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាល មន្រី្តរាជការ អាជ្ញាធរដែនដី យុវជន និងប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន បានលើកឡើងថា ស្មារតីជ័យជម្នះ ៧ មករា គឺស្ថិតស្ថេរនិងរស់រវើកក្នុងដួងចិត្តប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់ ជាស្មារតីនៃសន្តិភាពបង្រួបបង្រួមជាតិ និងការអភិវឌ្ឍ ដែលប្រជាជនកម្ពុជាចងចាំមិនអាចបំភ្លេចបានថា មាតុភូមិកម្ពុជាបានឆ្លងកាត់ អតីតកាលដ៏ខ្មៅងងឹតបំផុតជាសមុទ្រឈាម និងទឹកភ្នែករបស់ប្រជាជន។ ជ័យជម្នះ ៧មករា បានវាយរលំរបបប្រល័យពូជសាសន៍ បិទទំព័រសករាជដ៏ខ្មៅងងឹត សាហាវយង់ឃ្នងបំផុតដណ្តើម បានមកវិញនូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាង សេចក្តីថ្លៃថ្នូរមនុស្សជាតិរស់ឡើងវិញ។
ជាមួយគ្នានេះ ឯកឧត្តម កែ គឹមយ៉ាន បានអំពាវនាវដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវគាំទ្រការកសាងច្បាប់ដែល នឹងកំណត់ថាជនណា ឬក្រុមណាដែលមានគម្រោងការឬឃុបឃិត បង្កើតចលនាប្រឆាំងនិយម បង្កអសន្តិសុខដល់សង្គម បង្កជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរាជរដ្ឋាភិបាលស្របច្បាប់គឺជាភេរវករ ដែលត្រូវនាំខ្លួនមកវិនិច្ឆ័យទោស ដើម្បីបន្តរួមគ្នាថែរក្សា ការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនំាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។
ជាមួយគ្នានេះដែរ ឯកឧត្តម កែ គឹមយ៉ាន បានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ សូមប្រើប្រាស់ទឹកដោយសន្សំសំចៃបំផុត ចំគោលដៅ ដើម្បីរក្សាបាននូវសុវត្ថិភាពសន្តិសុខទឹកសម្រាប់ប្រើប្រាស់នៅរដូវប្រាំងខាងមុខ និងបានឧបត្ថម្ភជូននិវត្តជន ចំនួន១០០នាក់ សិស្សនិទ្ទេសA ចំនួន ៧៤នាក់ និងក្រុមកីឡាករទទួលជ័យលាភី ថ្នាក់ជាតិចំនួន៧៦នាក់ សរុបរួមជាថវិកា១៨៧លាន៣៥០ពាន់រៀល៕