General Commissariat of National Police
.

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីឃាតកម្មបាញ់សម្លាប់ជនរងគ្រោះឈ្នោះ លឹម គឹមយ៉ា

Loading

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៅយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ នេះ បានចេញសេចក្តីប្រកាសព័ត៌មានអំពីការចាប់ខ្លួនជនសង្ស័យជាឃាតកបាញ់សម្លាប់ជនរងគ្រោះឈ្មោះ លឹម គិមយ៉ា នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥។
ជនសង្ស័យរូបនេះមានឈ្មោះ អេកាឡាក់ ភាណយ (Ekkalak Pheanou) ជាជនជាតិថៃ ដែលត្រូវបានចាប់ខ្លួន នៅខេត្តបាត់ដំបង ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី០៨ ខែមករានេះ ក្រោយរត់គេចចេញពីប្រទេសថៃចូលមកកម្ពុជា។
ករណីឃាតកម្មបាញ់សម្លាប់ជនរងគ្រោះឈ្មោះ លឹម គិមយ៉ា ភេទប្រុស កើតឆ្នាំ១៩៥១ ជនជាតិខ្មែរ សញ្ជាតិបារាំង បង្កឡើងខ្មាន់កាំភ្លើង កាលពីវេលាម៉ោង ១៧:៤៥នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២៥ នៅចំណុចផ្លូវ ១៣ហាង សង្កាត់ប៊ូរិន និវេទវិហារ ខណ្ឌព្រះនគរ ទីក្រុងបាងកក ប្រទេសថៃ។
អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា បន្ទាប់ពីហេតុការណ៍កើតឡើង សមត្ថកិច្ចថៃបានធ្វើការស្រាវជ្រាវ និងកំណត់អត្តសញ្ញាណជនសង្ស័យមានឈ្មោះ Ekkalak Pheanoi ជនជាតិថៃ កើតឆ្នាំ១៩៨៣ ជាអតីតនាវិកយោធា ស្នាក់នៅ ផ្ទះលេខ ៩៩៩ ផ្លូវសាប់វុធ សង្កាត់បាងណានឿ ខណ្ឌបាងណា ទីក្រុងបាងកក។ ក្រោយពេលធ្វើសកម្មភាព ជនសង្ស័យបានរត់គេចខ្លួនពីទីក្រុងបាងកក ធ្វើដំណើរឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនប្រទេសកម្ពុជា។
អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តថា ផ្អែកតាមសំណូមពរស្នើសុំកិច្ចសហការ និងព័ត៌មានដែលបានផ្តល់ដោយនគរបាលភូមិន្ទថៃ នគរបាលជាតិកម្ពុជា បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតដល់នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៣:៥០នាទី សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរកឃើញ និងឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ បច្ចុប្បន្នជនសង្ស័យរូបនេះត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធី។
ជនសង្ស័យរូបនេះនឹងត្រូវបញ្ជូនទៅប្រទេសថៃវិញ តាមសំណូមពររបស់នគរបាលភូមិន្ទថៃ ស្របតាមច្បាប់ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី៕
ខាងក្រោមនេះជាសេចក្តីប្រកាស ៖