កំពង់ស្ពឺ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលឲ្យមនុស្សចំនួន២នាក់ បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។ ករណីនោះបានកើតឡើងកាលពីយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៣នឹង៤៥នាទី លើកំណាត់ផ្លូវល្បឿនលឿន K39+200 ទិសដៅព្រះសីហនុទៅភ្នំពេញត្រង់ចំណុចភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
នគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថាមានរថយន្ត ១គ្រឿង ម៉ាកលុចស៊ីស RX300 ពណ៌ស ពាក់ផ្លាកលេខបាត់ដំបង 2B-3816 អ្នកបើកបរឈ្មោះ លី ហ៊ូវ ភេទប្រុស អាយុ៤០ឆ្នាំ (ស្លាប់) នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្ដតាកែវ ដោយមានអ្នករួមដំណើរជាមួយចំនួន២នាក់៖
១-ឈ្មោះ YIN CHAOYANG ភេទប្រុស ជនជាតិចិន (ស្លាប់)
២-ឈ្មោះ DING YUMEI ភេទស្រី ជនជាតិចិន (របួសធ្ងន់) កំពុងសង្រ្គោះបន្ទាន់។
យោងតាមកាមេរាសុវត្ថិភាពទិន្នន័យផ្ដល់ដោយក្រុមហ៊ុនផ្លូវល្បឿនលឿន រថយន្តបើកបរពីទិសខាងលិច មកពីខេត្តព្រះសីហនុ ឆ្ពោះទៅទិសខាងកើត រាជធានីភ្នំពេញ លុះមកដល់ចំណុចខាងលើបានបុកពីក្រោយរថយន្ដដឹកទំនិញ ០១គ្រឿង ម៉ាកហ៊ីយ៉ិនដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3D-7588 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ (ក្រោយហេតុការណ៍បានចុះរត់គេចខ្លួន) កំពុងបើកបរស្របទិសគ្នា ។
សមត្ថកិច្ចនគរបាលប្រចាំការផ្លូវល្បឿនលឿនបានសហការជាមួយកំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោងទង ធ្វើការវាស់វែងអន្ដរាគមន៍ជួយសង្រ្គោះនិងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ រីឯសពបានតំកល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានស្ទួចយករថ យន្ដបង្កគ្រោះថ្នាក់ទាំង ២គ្រឿង មករក្សាទុកនៅប៉ុស្តិនគរបាលរដ្ឋបាលត្រពាំងគង អធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីចំណាត់ការនីតិវិធីបន្ដ៕