កំពង់ចាម៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម និងចាត់កម្លាំងការពារសន្តិសុខ សុវត្ថិភាព រៀបចំសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ ក្នុងកម្មវិធី “ប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈ ជាប្រព័ន្ធ និងពិធីចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋខេត្តកំពង់ចាម” ដែលប្រារព្ធធ្វើនៅភូមិបឹងកេត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងដំណើរការ នៃកម្មវិធីនេះដែរ លោកឧត្តមសេនីយ៍ស្នងការបានចាត់តាំង និងដឹកនាំបញ្ជាផ្ទាល់ ដល់កម្លដល់កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ការពារ សន្តិសុខ រក្សាសុវត្ថិភាព និងរៀបចំសណ្ដាប់ធ្នាប់ នៅជុំវិញទីតាំងប្រារព្ធពិធី និងទៅតាមដងផ្លូវជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធី សរុបចំនួន ១០,០០០នាក់ បានយ៉ាងល្អប្រសើរ ។
សូមបញ្ជាក់ផងដែលថា ខេត្តកំពង់ចាមជាខេត្តដំបូងគេ ដែលបានបញ្ចប់ការងារវាស់វែងដីធ្លី មានលក្ខណៈជាប្រព័ន្ធ ដោយបានចាប់ដំណើរការវាស់វែងដីធ្លីលើកដំបូង ក្នុងអំឡុងឆ្នាំ២០២៣ និងបញ្ចប់ការវាស់វែងនៅថ្ងៃ១៥ ខែឧសភា ឆ្នាំ២០២៤។
នេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃការឈានទៅបញ្ចប់ការវាស់វែង និងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនៅកម្ពុជា ដែលផ្តើមចេញពីខេត្តកំពង់ចាម និងឆ្ពោះទៅបណ្តារាជធានី-ខេត្តទូទាំងប្រទេស ដើម្បីសម្រេចគោលដៅក្នុងការផ្តល់កម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាជន៕