រាជធានីភ្នំពេញ ៖ ជនសង្ស័យប្លន់ម៉ូតូ និងឆបោក (ទំលាក់យោង ធ្វើជាជ្រុះមាសក្លែង)ចំនួន១៨នាក់ ត្រូវបានកម្លាំង នគរបាលការិយាល័យព្រហ្មទណ្ឌ កំរិតធ្ងន់និងកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយបណ្តាខណ្ឌនានា ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ ដោយដកហូតបានកាំភ្លើងចំនួន២ដើម រួមទាំងវត្ថុតាងមួយចំនួនទៀត និងធ្វើសន្និសិទសាព័ត៌មានបង្ហាញមុខជាសាធារណៈ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៤នេះ ។
លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ដោយមានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកបានធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខសញ្ញាជនសង្ស័យសរុប១៨នាក់ ដែលក្នុងនោះក្រុមចោរប្លន់ប្រើប្រាសើអាវុធភ្ជង់គំរាមកំហែងយកម៉ូតូ និងសម្ភារៈ និងលួចមានស្ថានទង្ងន់ទោសចំនួន១៥នាក់ និងក្រុមឆបោកធ្វើជាជ្រុះមាសក្លែងក្លាយឆបោកទ្រព្យសម្បត្តិ ហៅទំលាក់យោងចំនួន៣នាក់។
លោកវរសេនីយ៍ឯក អេង សោភា បានអោយដឹងទៀតថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នៅវេលាម៉ោងប្រមាណ៣និង២០នាទី ទៀបភ្លឺ នៅចំណុចហាងខ្យល់ទន្លេ ស្ថិតនៅភូមិកោះនរា សង្កាត់និរោធ ខណ្ដច្បារអំពៅ មានករណីលួចម៉ូតូមានស្ថានទង្ងន់ទោស (ប្លន់ប្រដាប់) ដោយជនសង្ស័យមានគ្នាចំនួន៥នាក់ ជិះម៉ូតូ ២គ្រឿង បានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូម៉ាក ស្តុបពី ១គ្រឿង ពីជនរងគ្រោះប្រុសស្រី២នាក់ ជិះធ្វើដំណើរមកពីកន្លែងសប្បាយភាព។ នៅក្នុងសកម្មភាពជនសង្ស័យប្លន់យកម៉ូតូម៉ាកស្កុបពីពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ១KB.៧៥២៨បានសម្រេច និងយកទូរស័ព្ទ២គ្រឿង។ បន្ទាប់ពីកើតហេតុ ដោយមានការបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោកព្រះរាជ្ញារងសេង ហៀង នៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានសហការជាមួយ កម្លាំងនគរបាល ខណ្ឌសែនសុខ ខណ្ឌទួលគោក ខណ្ឌដូនពេញ និងខណ្ឌច្បារអំពៅ ក៏បានបើកការស្រាវជ្រាវឈានទៅបង្ក្រាបបានជនសង្ស័យជាបន្តបន្ទាប់ចំនួន ១៣នាក់ ក្នុងនោះមានស្រី៣នាក់ កាលពីរសៀលថ្ងៃទី៤ ខែ កក្កដា ឆ្នាំ ២០២៤ ព្រមទាំងដកហូតបានម៉ូតូចំនួន ១គ្រឿង និងទូរស័ព្ទចំនួន២គ្រឿង ដែលជារបស់ជនរងគ្រោះ ព្រមទាំងដកហូតវត្ថុតាងរួមមាន អាវុធខ្លី ១ដើម ម៉ាក ZORAKI និងអាវុធវែង១ដើម ប្រើហ្គាស។
លោកនាយការិយាល័យកំរិតធ្ងន់ បានអោយទៀតថា លុះដល់ថ្ងៃទី៦ ខែកក្កដា សមត្ថកិច្ចជំនាញបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ២នាក់ទៀត ដែលសរុបទាំងអស់១៥នាក់ ក្នុងនោះស្រី៣នាក់ ដែលពាក់ព័ន្ធករណីកំហែងយក(ប្រើប្រាស់អាវុធភ្ជង់គំរាមកំហែងយកម៉ូតូ និងសម្ភារៈ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ និងអំពើលួចមានស្ថានទង្ងន់ទោស(លួចកាច់បំបែកសោកម៉ូតូ) ចំនួន២ករណី នៅក្នុងភូមិសាស្រ្តសង្កាត់ទន្លែបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤។ ជនសង្ស័យ ទាំង១៥នាក់ ពាក់ពន្ធចំនួន១១នាក់កសាងសំនុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ និង៤នាក់ទៀតពុំពាក់ពន្ធត្រូវបានបញ្ជូនទៅកាន់មណ្ឌល ដើម្បីបន្សាបគ្រឿងញៀន ។
លោកវរសេនីយ៍ឯក អេង សោភា បានអោយដឹងទៀតថា ដោយឡែកជនសង្ស័យ ៣នាក់ទៀត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល ស្រាវជ្រាវបង្ក្រាបបានចំនួន៣នាក់ ជាករណីឆបោកហៅទំលាក់ យោង។ ករណីនេះភាគច្រើនជាមុខសញ្ញាចាស់ដដែល ពាក្យទំលាក់យោងនេះពាក់ពន្ធការលោភលក់របស់ជនរងគ្រោះ ដែលដើរតាមទីផ្សារ ឬទីប្រជុំជន ហើយជនសង្ស័យ ដើរតាម ធ្វើជាជ្រុះមាសក្លែងក្លាយនៅមុខ ហើយបើយើងលោភលន់ ជនសង្ស័យតាមដល់ផ្លូវស្ងាត់ និយាយបញ្ចុះបញ្ចូល ថាចែកគ្នា ហើយជន រងគ្រោះមានអីនឹងខ្លួនដោះអោយគេសិនគីចាញ់បោកគេហើយ។
លោកនាយការិយាល័យ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសកម្មករកម្មាការីនី សូមមានការប្រយ័ត្នប្រយែងដែលនេះជាករណីដដែលៗទេ ៕