General Commissariat of National Police
.

នាយឧត្តមសេនីយ៍ មាស វីរិទ្ធ: អាជ្ញាធរគ្រប់ថ្នាក់ មេភូមិ មេឃុំ ទទួលចំណេះដឹងលើការងារផ្សព្វផ្សាយ អប់រំ និងការប្រើប្រាស់App NoDrug

Loading

ខេត្តបាត់ដំបង៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងបែបនេះក្នុងពិធីបិទ និងប្រគល់វិញញាបនបត្រ ដល់សិក្ខាកាមជ័យលាភី នៃសិក្ខាសាលាផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ចំណេះដឹង ស្តីពីការអប់រំ បង្ការ ទប់ស្កាត់គ្រឿងញៀន ដល់ភាគីពាក់ព័ន្ធក្នុងសហគមន៍ នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ» ក្រោមជំនួយLOA នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមជាអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ មេភូមិ មេឃុំទូទាំងស្រុកកំរៀង។

របាយការណ៍ស្វាគមន៍របស់ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈ និងជាប្រធានក្រុម សម្របសម្រួលរៀបចំ បានបង្ហាញឲ្យឃើញថាសិក្ខាសាលានេះ គឺទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អាជ្ញាធរគ្រប់ថ្នាក់ មេឃុំ មេភូមិទូទាំងស្រុកកំរៀង តាមរយៈការធ្វើតេស្តមុនវគ្គនិងលទ្ធផល ក្រោយបញ្ចប់វគ្គក្នុងនោះ គឺអ្នកបានយល់ដឹងពីសិក្ខាសាលានេះ មានចំនួនរហូតដល់៩៥% ហើយការយល់ដឹងពី App NoDrug គឺមានកើនឡើងដល់63% ។

ថ្លែងក្នុងនាម ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍មាស វិរិទ្ធ អគ្គលេខាធិការ បានសាទរ និងកោតសរសើរ ដល់ការប្រឹងប្រែងរួមគ្នា ពីគ្រប់ភាគីទាំងអ្នករៀបចំ វាគ្មិន សិក្ខាកាម ដើម្បីចែករំលែក និងទទួលចំណេះដឹង សម្រាប់យកទៅប្រើប្រាស់ផ្សព្វផ្សាយបន្ត ដល់ប្រជាពលរដ្ឋផ្ទាល់ នូវមូលដ្ឋានដើម្បីឲ្យគាត់មានលទ្ធភាព ចូលរួមចំណែកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅមូលដ្ឋាន។

ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធបានថ្លៃងបន្ត ដោយឲ្យគ្រប់សមាសភាពទាំងអស់ នៅក្នុងមូលដ្ឋានខេត្តបាត់ដំបង និយាយជារួមនិងនិយាយដោយឡែកស្រុកកំរៀង ត្រូវរួមគ្នាធ្វើឲ្យសម្រេច បាននូវគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ដែលក្នុងនោះ លក្ខណៈសម្បត្តិទី២ គឺត្រូវចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាឧបសគ្គ នៃការអភិវឌ្ឍន៍ប្រទេសជាតិ ហើយលោកក៏បានអំពាវនាវ ដល់អាជ្ញាធរមូលដ្ឋានពិសេស ភូមិ ឃុំ ត្រូវបង្កើនការងារផ្សព្វផ្សាយអប់រំ ពិសេសបំផុសឲ្យប្រជាជនប្រើប្រាស់ App NoDrug ដើម្បីរួមគ្នាដោះស្រាយឲ្យខានតែបាន នៅបញ្ហាគ្រឿងញៀន “ផ្ទះអ្នកផ្ទះខ្ញុំគ្មានគ្រឿងញៀន ភូមិយើងនឹងគ្មានគ្រឿងញៀន សហគមន៍មានសុវត្ថិភាព និងការអភិវឌ្ឍ ” ៕