ខេត្តតាកែវ៖ ពេញមួយថ្ងៃអាទិត្យ ២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត<< អញ្ជើញជាអធិបតីភាពក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះមិត្តភាពរវាង ក្លិបកីឡាបាល់ទះខេត្តតាកែវ ក្លិបកីឡាបាល់ទះខេត្តកែប ក្លិបកីឡាបាល់ទះខេត្តកំពង់ស្ពឺ និងសមាគមកីឡាបាល់ទះវិសាខាអាយុក្រោម២០ឆ្នាំ>>។
ដោយមានការចូលរួម ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកែប តំណាង ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងតំណាងសមាគមវិសាខា (U២០) របស់ក្រសួងមហាផ្ទៃ និងមហាជនមកទស្សនាយ៉ាងច្រើនកុះករ ដែលប្រារព្ធធ្វើឡើង នៅតារាងបាល់ទះម៉ាក់ស្រីតី ម៉ាក់ស្រីតា ភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។ ចំពោះការរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាបាល់ទះមិត្តភាពនេះឡើង ក្នុងគោលបំណងចង់ឲ្យយុវជនលេងកីឡាដើម្បីសុខភាព និងកីឡាករអាជីពសម្រាប់ ប្រកួតប្រជែងទាំងលើឆាកជាតិ និងអន្តរជាតិ ព្រមទាំងដកស្រង់បច្ចេកទេសបទពិសោធិថ្មីៗ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡាបាល់ទះ ជ្រើសរើសជើងឯកថ្នាក់ជាតិ និងដណ្ដើមពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រប្រចាំឆ្នាំ២០២៤ ខាងមុខនេះ។
ជាលទ្ធផលក្លិបកីឡាបាល់ទះខេត្តតាកែវ យកជ័យជំនះទទួលបានលេខ (១) លើក្លិបកីឡាបាល់ទះវិសាខា (U២០) លេខ(២)ក្នុងលទ្ធផល ៣សិត ទល់ និង១សិត និងក្លិបកីឡាបាល់ទះខេត្តកំពង់ស្ពឺលេខ (៣) ក្លិបកីឡាបាល់ទះខេត្តកែបលេខ (៤) បន្ទាប់មកលោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្ដ និងលោកស្រី បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន លើកទឹកចិត្តដល់ក្រុមជ័យលាភីលេខ១ ចំនួន (២លានរៀល) លេខ២ ចំនួន(១លានរៀល) លេខ៣ (៨០ម៉ឺនរៀល) លេខ៤ ចំនួន (៤០ម៉ឺនរៀល) និងមន្រ្តីអាជ្ញាកណ្តាល ចំនួន (៦០ម៉ឺនរៀល) ។
ជាចុងក្រោយ លោកស្នងការ បានផ្ដល់អនុសាសន៍ ណែនាំផ្តាំផ្ញើដល់គ្រូបង្វឹក និងកីឡាករ ត្រូវប្រឹងប្រែងហ្វឹកហាត់ លើបច្ចេកទេសឲ្យបានច្រើន ជាពិសេសការវាយប្រយុទ្ធ និងការវាយសេវ៉ាអោយបានល្អ ព្រោះបច្ចេកទេសទាំងពីរនេះ គឺងាយយកពិន្ទុណាស់ក្នុងពេលប្រកួតផងដែរ៕