សេចក្តីជូនព័ត៌មាន៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងមហាជន ដែលប្រើប្រាស់បណ្តាញសង្គមជ្រាបថា នាល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chan Noeurm ដែលមានឈ្មោះពិតគឺ ឆន នឿម ភេទប្រុស បានធ្វើការបំភ្លឺចំពោះព័ត៌មាន ដែលរូបគាត់បានបង្ហោះផ្សព្វផ្សាយជាឃ្លីបវីដេអូ ក្នុងគណនីហ្វេសប៊ុក របស់ គាត់កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅដែលការបំភ្លឺនេះម្ចាស់គណនី បានទទួលស្គាល់ថា រូបគាត់ ពិតជាបានប្រព្រឹត្តិមិនត្រឹមត្រូវ មកលើសមត្ថកិច្ចនគរបាល ដែលកំពុងបំពេញការងារស្របតាមតួនាទី និងភារកិច្ច ហើយរូបគាត់ថែមទាំងបានថតរូបភាពវីដេអូបង្ហោះនៅក្នុងបណ្តាញសង្គម បង្កឱ្យមានការយល់ច្រឡំពី មហាជននិងអ្នកប្រើប្រាស់បណ្តាញសង្គមមកលើសមត្ថកិច្ចនគរបាល។
ពេលធ្វើការបំភ្លឺនិងរូបគាត់ បានស្វែងយល់នូវកំហុសឆ្គង ដែលរូបគាត់បានប្រព្រឹត្តិចំពោះសមត្ថកិច្ចនគរបាល កាលពី ថ្ងៃមុនរួចមកគាត់សន្យាថា ឈប់ធ្វើសកម្មភាពបែបនេះបន្តទៀត ហើយសមត្ថកិច្ចនគរបាលបាន ធ្វើកំណត់ហេតុ អប់រំណែនាំ និងឱ្យគាត់ធ្វើការសហការជាមួយ សមត្ថកិច្ចនគរបាល និងបានអនុញ្ញាតឱ្យគាត់វិលត្រឡប់ទៅមូលដ្ឋាន វិញនាថ្ងៃដដែល។
ដូចបានជម្រាបជូនខាងលើ សូមសាធារណជនអ្នកសារព័ត៌មាននិងមហាជន ដែលប្រើប្រាស់បណ្តាញសង្គម ជ្រាប ជាព័ត៌មាន សូមអរគុណ៕