រាជធានីភំ្នពេញ ៖ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី “ការពង្រឹង និងលើកកម្ពស់ជំនាញប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ” នៅនាយកដ្ឋានអង្គរក្ស ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ បានរំលឹកដល់ស្នាដៃ និងកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធាននាយដ្ឋានកណ្ដាលសន្តិសុខ ដែលកន្លងមក ឯកឧត្តម បានយកចិត្តទុកខ្ពស់ដាក់លើ ការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ រហូតដល់កម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះ។
ជាមួយគ្នានេះ ឯកឧត្តម បានបន្តថា : ការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់គឺជា ការស៊ើបអង្កេតដែលចរិកលក្ខណៈពិសេស ដោយសារតែ បទល្មើសសម្អាតប្រាក់មានភាពស្មុគស្មាញ និងស៊ីជម្រៅជាងបទល្មើសផ្សេងៗទៀត ដូច្នេះនៅពេលដែលមន្រ្តីស៊ើបអង្កេតទទួលបានជំនាញស៊ើបអង្កេតប្រឆាំងការសម្អាតប្រាក់នោះនឹងមានភាពងាយស្រួលដល់ការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌផ្សេងទៀតផងដែរ។ ហេតុដូច្នេះហើយសិក្ខាកាមដែលបានចូលរៀនក្នុងវគ្គបណ្តុះបណ្ដាលនាពេលនេះ ត្រូវយកចំណេះដឹងមេរៀនដែលទទួលបានទៅដកពិសោធន៍អនុវត្តការងារជាក់ស្ដែង និងស្រាវជ្រាវស្វែងយល់បន្ថែម ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យទៅជាមន្រ្តីជំនាញស៊ើបអង្កេតដែលពោរពេញទៅដោយចំណេះដឹង ជំនាញ និងសមត្ថភាព ព្រមទាំងក្លាយជាជនបង្គោលសម្រាប់បណ្តុះបណ្តាលបន្តដល់មន្រ្តីស៊ើបអង្កេតចំណុះអង្គភាពរបស់ខ្លួន ចាប់ពីស្នងការដ្ឋានរហូតដល់អធិការដ្ឋាន ៕