បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃអង្គារ ៥ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាល និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ចំនួន ២៤នាក់មកពីបណ្ឌិត្យសភានគរបាលកម្ពុជា ចុះកម្មសិក្សាប្រតិបត្តិ ក្នុងអង្គភាពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានបញ្ជាក់ថា សិក្ខាកាមដែលចុះមានចំនួន ២៤ នាក់ ស្រី ៥នាក់ ចុះមកសរសេររបាយការណ៍ស្រាវជ្រាវក្នុងអង្គភាពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើជាសារណា ការពារខ្លួន ដើម្បីបញ្ចប់វគ្គសិក្សារបស់ខ្លួន ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ សូមស្វាមគមន៍យ៉ាងកោកក្តៅបំផុតចំពោះ ប្អូនៗជាសិក្ខាកាម ដែលមកពីបណ្ឌិត្យសភានគរបាលកម្ពុជា ចុះកម្មសិក្សាក្នុងអង្គភាពស្នងការដ្ឋានសូមឱ្យប្អូនៗសិក្ខាកាមទទួលបានជោគជ័យក្នុងចុះកម្មសិក្សានេះ និងសូមឱ្យប្អូនៗត្រូវខិតខំយកចិត្តទុកដាក់ក្នុងរៀនសូត្រយកចំណេះមក អនុវត្តន៍ និងបម្រើផលប្រយោជន៍ដល់ អង្គភាព និងប្រជាជន។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជម្រុញឲ្យសិក្ខាកាមទាំងអស់ ត្រូវខិតខំរៀនសូត្រ និងស្វែងយល់បន្ថែម នូវមុខងារក៏ដូចជាការងារផ្សេងៗរបស់ការិយាល័យជំនាញ តាមបណ្តាអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលដាក់ជូន និងធ្វើដោយជោគជ័យ និងបន្តយកចំណេះដឹងទៅបម្រើអង្គភាព និងបម្រើប្រជាជន ជាពិសេសប្អូនៗ ត្រូវមានភាពស្មោះត្រង់ គ្នានិងគ្នាក្នុងការចុះកម្មសិក្សាជាក្រុម ឬ ឯកជន សូមជូនពរប្អូនៗជោគជ័យក្នុងបេសកម្មនេះ ៕