ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០៨:៣០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែតុលា ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ក្នុងនោះដែលក៏មានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង១០០ និងលោកនាយប៉ុស្តិ៍ការពារទាំង៦ ចំណុះឱ្យការិយាល័យនគរបាលការពារបេតិកភណ្ឌផងដែរ ។
ក្នុងកិច្ចប្រជុំនាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍ណែនាំ ផ្តល់នូវបទពិសោធន៍ល្អៗបន្ថែមទៀតដល់កងកម្លាំងទាំងអស់ និងត្រូវបន្តយកចិត្តទុកដាក់ លើកិច្ចការងារជំនាញ បង្កើនការស្រាវជ្រាវក្តាប់សភាពការណ៍នានា ទាំងក្នុងនិងក្រៅតំបន់ ក៏ដូចជាព័ត៌មានដែលពាក់ព័ន្ធដល់ស្ថានការណ៍ សន្តិសុខជាតិ សំដៅធានាឱ្យបាននូវ សន្តិសុខទូទៅក្នុងខេត្ត ឱ្យមានសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ។
ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ បានជូនពរដល់កងកម្លាំងទាំងអស់ ទទួលបាននូវសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងពុទ្ធិពរទាំងបួនប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ ៕