General Commissariat of National Police
.

សមត្ថកិច្ចបង្ក្រាបករណីល្បែងស៊ីសងបាន១៩ករណីក្នុងរយៈពេល២សប្តាហ៍មកនេះ!

Loading

រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល២សប្តាហ៍មកនេះ គិតចាប់ពីថ្ងៃទី១៩ ខែតុលា រហូតដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ករណីល្បែងស៊ីសងនៅទូទាំងប្រទេស មានការកើនឡើងបន្តិចបន្តួចប៉ុណ្ណោះ ពោលគឺមាន១៩ករណី បើធៀបនឹង២សប្តាហ៍កន្លងមកដែលមាន១០ករណី។ នេះបើតាម លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

ទោះបីមានការកើនឡើង៩ករណី ប៉ុន្តែបើតាមលោកបណ្ឌិត ទូច សុឃៈ ចំនួននេះបន្តស្ថិតក្នុងអត្រាតិចតួច ខណៈមូលដ្ឋានកើតមានករណីនេះ រួមមាន ខេត្តកំពង់ធំ បាត់ដំបង ក្រចេះ ត្បូងឃ្មុំ កំពត កណ្តាល សៀមរាប និងរាជធានីភ្នំពេញ ដោយអាជ្ញាធរបានអនុវត្តទាំងវិធានការអប់រំ ណែនាំ ធ្វើកិច្ចបញ្ឈប់ និងបញ្ជូនទៅតុលាការ។

លោកបណ្ឌិតបន្ថែមថា៖«លទ្ធផលនេះបង្ហាញច្បាស់ថា អាជ្ញាធរមូលដ្ឋានទូទាំងប្រទេស ពិតជាសកម្មក្នុងការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ហើយប្រជាពលរដ្ឋចូលចិត្តលេងល្បែងស៊ីសងក៏មានការយល់ដឹងច្រើន ខ្លះក៏មានការខ្លាចរអាវិធានការសមត្ថកិច្ច ស្របពេលពលរដ្ឋនៅមូលដ្ឋាន រួមទាំងអ្នកសារព័ត៌មាន ក៏ចូលរួមផ្ដល់ដំណឹង និងរាយការណ៍មកសមត្ថកិច្ច»។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយក្នុងចំណុចទី២ នៃគោលនយោបាយនោះ បានរំលេចនូវលក្ខណសម្បត្តិនៃការគ្មានបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ គោលនយោបាយនេះ ក៏មានគោលដៅជំរុញបំផុសចលនាអប់រំមហាជនចូលរួមបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទផងដែរ៕