General Commissariat of National Police
.

គ្រាប់ពូជពោតនិមិត្តសញ្ញារបស់ក្រុមហ៊ុនដើមឈ្មោះ Sun Smile 99999 ចំនួម៧៧១ការ៉ុង (ក្លែងក្លាយ និងល្មើសកម្មសិទ្ធបញ្ញា) ត្រូវបានដុតបំផ្លាញចោល

Loading

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៥និង០០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានការចូលរួមពីមេធាវីតំណាងក្រុមហ៊ុន បានធ្វើការដុតបំផ្លាញ និងកប់ចោលនូវគ្រាប់ពូជពោតនិមិត្តសញ្ញា Sun smile 99999 ចំនួន ៧៧១ការ៉ុង (មួយការ៉ុងទំងន់ ១០គីឡូក្រាម) ក្លែងក្លាយ និងល្មើសកម្មសិទ្ធបញ្ញារបស់ក្រុម ហ៊ុនដើមឈ្មោះ Sun smile import export Co.,LTD ដែលការដុតបំផ្លាញចោលនេះបានអនុវត្តធ្វើនៅទីលានចាក់សំរាមស្ថិតនៅភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

សូមជម្រាបជូនថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋានបានចូលរួមអនុវត្តការដកហូតនូវគ្រាប់ពូជពោតនិមិត្តសញ្ញា Sun smile 99999 ចំនួន ៧៧១ការ៉ុង (មួយការ៉ុងទំងន់១០គីឡូក្រាម) ក្លែងក្លាយ និងល្មើសកម្មសិទ្ធបញ្ញារបស់ក្រុមហ៊ុនដើមឈ្មោះ Sun smile import export Co.,LTD បន្ទាប់ពីតំណាងក្រុមហ៊ុននេះបានរកឃើញថា ផលិតផលគ្រាប់ពូជពោតក្លែងក្លាយ ខាងលើកំពុងធ្វើចរាចរណ៍នៅលើទីផ្សារមួយចំនួនជាពិសេសក្នុងភូមិសាស្រ្តស្រុកជាប់ព្រំដែនកម្ពុជា
-ថៃ ហើយវត្ថុតាងទាំងនេះ ត្រូវបានយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រីឯសំណុំរឿងស្ថិតនៅក្នុងសមត្ថកិច្ចរបស់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដោយមានតំណាងក្រុមហ៊ុនជាដើមបណ្តឹង រហូតម្ដល់ពេលនេះតំណាងអយ្យការ បានអនុញ្ញាតិឱ្យធ្វើការដុតបំផ្លាញចោលទាំងស្រុង ដោយមានការចូលរួមពីមេធាវីតំណាងក្រុមហ៊ុនផង៕