ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ដកំពងស្ពឺ មានពិធីបេីកវគ្គបំប៉នជំនាញសន្ដិសុខ ដល់មន្រ្ដីនគរបាលប៉ុស្ដិ៍ ទទួលការងារសន្តិសុខ នៅតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុក ទាំង០៩ ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។
អញ្ជើញជាអធិបតីក្នុងពិធីបេីកវគ្គបំប៉នជំនាញ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាលខេត្តកំពង់ស្ពឺ និងមានការចូលរួមពីសំណាក់ លោកឧត្ដមសេនីយ៍ទោ ផាន សុភ័ក្រ្ត ប្រធានលេខាធិការដ្ឋាន នាយកដ្ឋានកណ្ដាលសន្តិសុខ ជាគ្រូឧទ្ទេសនាម លោកឧត្ដមសេនីយ៍ វរសនីយ៍ ជាស្នងការរង លោកនាយ នាយរងការិយាល័យ ព្រមទាំងសិក្ខាកាមជាមន្រ្ដីនគរបាលប៉ុស្ដិ៍រដ្ឋបាល ទាំង៨៨ មន្រ្ដីចំណុះផែនការងារសន្ដិសុខ សរុបប្រមាណ១២៣នាក់ ។
មានប្រសាសន៍ផ្ដាំផ្ញើ ក្នុងពិធីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បញ្ជាក់ថា
វគ្គបណ្តុះបណ្ដាលនេះ ជាផ្នែកមួយនៃការពង្រឹងលេីធនធានចំណេះដឹងដល់មន្រ្ដីនគរបាល អោយយល់បានបន្ថែមនូវទិដ្ឋភាពរួមលេីការវិឌ្ឍន៍សភាពការណ៍ការស្រាវជ្រាវ ការក្ដាប់ព័ត៌មាន ពិសេសសំដៅលេីជំនាញបច្ចេកវិទ្យាទំនើប AI បញ្ញាសិប្បនិមិត្ត អំពីបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ កម្ចីហិរញ្ញវត្ថុខុសច្បាប់ដែលជាក្ដីកង្វល់និងមានចរឹកបែបផែនថ្មី អង្គការចាត់តាំង នាពេលបច្ចុប្បន្ន ពិសេសកិច្ចប្រតិបត្ដិការរបស់មន្រ្ដីនគរបាលសន្តិសុខ៕