បន្ទាយមានជ័យ ៖ អនុវត្តតាមការណែនាំនិង បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការនៅក្នុងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលគ្រប់អង្គភាព ចំណុះ បានពង្រឹងកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ខ្ញុំប្រជាពលរដ្ឋទាំងយប់ថ្ងៃប្រកបដោយការទទួលខុសត្រូវ។
នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ កម្លាំងនគរបាលផែនការិល័យជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុង/ស្រុក កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក បានពង្រឹងការយាមល្បាត តាមគោលដៅសំខាន់ៗ ដើម្បីត្រៀមបង្កា បង្ក្រាប បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង និងជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ឬគ្រោះអគ្គីភ័យដែលអាចកើតមានជាយថាហេតុ។
ទន្ទឹមគ្មាននោះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានបំពេញតួនាទីភារកិច្ចយ៉ាងក្នុងការផ្ដល់សេវាសាធារណៈ, ការផ្ដល់សេវាអត្តសញ្ញាណប័ណ្ណ , សៀវភៅស្នាក់នៅ និងនាំយកអត្តសញ្ញាណប័ណ្ណផលិតរួចទៅចែកជូនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះយ៉ាងសកម្ម។
ក្រៅពីនេះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ចេញនៅផែនការ ដល់កម្លាំងនគរបាលប៉ុស្តិ៍ទាំងអស់ បន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព, ពង្រឹងការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីកាត់បន្ថយអត្រាមនុស្សគ្រោះថ្នាក់និងស្លាប់,ផលប៉ះពាល់គ្រឿងញៀន, ពង្រឹងការទប់ស្កាត់បង្ក្រាប បទល្មើសជួញដូរផ្លូវភេទគ្រប់ទំរង់ និងការឆ្លងដែនខុសច្បាប់៕