រាជធានីភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួនបានយុវជនម្នាក់ដែលប្រើអំពើហិង្សា យកខ្សែក្រវ៉ាត់ និងកាំបិតបុ័ងតោវាយ និងកាប់ទៅលើបុរសម្នាក់បណ្តាលឲ្យរងរបួស និងកាប់ បំផ្លាញម៉ូតូជនរងគ្រោះរងការខូចខាត ខណៈមានការប៉ះពាក្យសំដីគ្នាបង្កជាជម្លោះ នៅចំណុចភូមិទី១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោកកាលពីវេលាម៉ោងប្រមាណ១២និង២០នាទីថ្ងៃទី០៣ខែវិច្ឆិកា ឆ្នាំ២០២៤។
ជនសង្ស័យឈ្មោះសុខ សេន អាយុ៣១ឆ្នាំ មុខរបរអ្នកដឹកជញ្ជូនរស់នៅផ្ទះលេខ១០ជាន់ទី៦ អគារទី២ផ្លូវ២១១ភូមិ១២សង្កាត់វាលវង់ ខណ្ឌ៧មករា ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី០៤ខែវិច្ឆិកា ឆ្នាំ២០២៤។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនាំយកទៅសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕