មណ្ឌលគិរី ៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំដាក់ផែនការការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលបានមកសម្ពោធដាក់អោយប្រើប្រាស់ទំនប់ទឹកអូរទេធិបតី នៅស្រុកអូររាំង ទំនប់ទឹកសែនមនោរម្យ និងទំនប់ទឹកសែនសុខដុមស្ថិតនៅក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រីស្នងការរង លោកនាយ នាយរងការិយាល័យ លោកមេបញ្ជាការ មេបញ្ជាការរងទទួលសេនាធិការ វរសេនាតូច ទាំង០២ លោកអធិការ អធិការរងទទួលសេនាធិការ និងអធិការរងទទួលការងារសន្តិសុខ នៃអធិការដ្ឋាននគរបាល ក្រុង/ស្រុកទាំង០៥ ផងដែរ។
លោកឧត្តមសេនីយ៍ទោស្នងការ បានមានប្រសាសន៍បើកកិច្ចប្រជុំ និងបានដាក់ផែនការដល់អស់លោក លោកស្រីស្នងការរង និងនាយនាយរងការិយាល័យជំនាញព្រមទាំងលោកមេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០២ ព្រមទាំងលោកអធិការនគរបាលក្រុង/ស្រុកទាំង០៥ រៀបចំកងកម្លាំងនៅតាមបណ្តាអធិការក្រុងស្រុករបស់ខ្លួន ដើម្បីបញ្ចុះកម្លាំងទៅតាមចំណុចគោលដៅសំខាន់ៗ និងនៅតាមដងផ្លូវចាប់ពីព្រំប្រទល់ស្នែងរហូតដល់ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ស្ថិតក្នុងកិច្ចប្រជុំដាក់ផែនការការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ទោស្នងការ បានត្រៀមលក្ខណៈគ្រប់គ្រាន់ទាំងមធ្យោបាយ រថយន្តគ្រប់ភេទ និងកងកម្លាំងអន្តរាគមន៍ ដោយប្រើប្រាស់កម្លាំងនគរបាលសរុប ចំនួន ៧១៣នាក់ ដើម្បីបញ្ចុះកម្លាំងទៅតាមគោលដៅចំណុចសំខាន់ៗ និងនៅតាមដងផ្លូវនិងក្នុងភូមិសាស្រ្តសំខាន់ៗ នានានៅក្នុងក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ក្នុងគោលបំណងរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំអោយទទួលបានលទ្ធផលល្អប្រសើរ ៕