ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៥និង០០នាទី នៅចំណុច ភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វេីសកម្មភាពចូលទៅគាស់បង្អួចផ្ទះ ផ្លោះចូលទៅលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ឈ្មោះ ប៊ុន សុខហេង ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ កម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ កម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឬស្សី ដឹកនាំដោយលោកវរសេនីយ៍ឯក ចៀក ថានិន នាយកការិយាល័យកំរិតស្រាល បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិអូរគ្រាត ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ទើបកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យ ០៣នាក់ ១-ឈ្មោះ គង់ រ៉ាវុធ ហៅ រ៉ា ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិដើមស្លែង សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ, ២-ឈ្មោះ ព្រំ សារិទ្ធ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅ ភូមិព្នាត សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ និង៣-ឈ្មោះ សា ស្រីណា ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្នៅលិច ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម យកមកសាកសួរនៅស្នងការដ្ឋានខេត្តបាត់ដំបង ។
ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថា កន្លងមកពួកខ្លួនធ្លាប់ធ្វើសកម្មភាពគាស់ផ្ទះលួចយកទ្រព្យសម្បត្តិចំនួន ០៦លើកមកហើយ ក្នុងនោះខេត្តបាត់ដំបងចំនួន ០៣លើក ខេត្តប៉ៃលិនចំនួន ០២លើក និងក្នុងខេត្តកណ្តាលចំនួន ០១លើក ។ វត្ថុតាងដកហូតបានរួមមាន៖
-រថយន្ត ០១គ្រឿង ម៉ាកTOYOTA CAMRY ផលិតឆ្នាំ១៩៩៧ ពណ៌ឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2J 0788
-តួណឺវីសចំនួន០២
-កាំបិតចំនួន០១
បច្ចុប្បន្ន ការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕