បាត់ដំបង៖ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៧និង២៥នាទី នៅចំណុចភូមិកំប្រង់ ឃុំសាមសិប ស្រុកកំរៀង ខេត្តបាត់ដំបង ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនិងយោបល់របស់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាល ប្រឆាំងគ្រឿង បានចុះប្រតិបត្តិការ បង្ក្រាបបានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ១-ឈ្មោះ រ៉េម សៅ ហៅ តុញ សៅ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិសាមសិប ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង, ២-ឈ្មោះ ធឿន ប្រុស ហៅ ប្រែត ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង, ៣-ឈ្មោះ រុន ណារាជ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិសាមសិប ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង, ៤-ឈ្មោះ ចាន់ សិលា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិទួលទិល ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង និង៥.ឈ្មោះ សោម ភារ៉ា ហៅសង់ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិស្រង៉ែ សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ។ វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៣ថង់ និង០១កំណាត់ទុយោ ទម្ងន់ ០,៧៥ក្រាម ។
-ទូរស័ព្ទដៃចំនួន ០៤គ្រឿង ។
-សម្ភារសម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ និងដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៨និង៣០នាទី នៅចំណុចភូមិសាមសិប ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង កំលាំងសមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការ រហូតឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ រ៉េម គន្ធា ហៅយ៉ា ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅភូមិសាមសិប ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕