ស្វាយរៀង ៖ អនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពី លោក ដូរ៉ា អង្គប្រទាន និងកញ្ញាពៅ ទេវី ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិតបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចហាងខារ៉ាអូខេយីហោKTV OMGmassage ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
លទ្ធផលសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន១៣ នាក់ ប្រុស។
ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបាន
ដកហូត និងចាប់យកសម្ភារៈវត្ថុតាងដែលពាក់ព័ន្ធក្នុងបទល្មើសរួមមាន៖
– សារធាតុញៀនសរុបទម្ងន់ ២៧៥.៩២ក្រាម
– អាវុធខ្លី ០២ដើម បង់០២គ្រាប់ ១៥គ្រាប់
– ជញ្ជីងថ្លឹងថ្នាំ ០៣គ្រឿង
– ទូរសព្ទ័ដៃ ១៦គ្រឿង
– រថយន្ត ០៣គ្រឿង
-ម៉ូតូ០៣គ្រឿង
– លិខិតឆ្លងដែន០៤ក្បាល
– បារីអេឡិចត្រូនិច ២៦៧ដើម
– អត្តសញ្ញាណប័ណ្ណជនជាតិវៀតណាម០៥ សន្លឹក ព្រមទាំងឧបករណ៍សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕