General Commissariat of National Police
.

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​ ស​ សុខា​ ផ្តល់​អនុសាសន៍​សំខាន់ៗ​ ដល់​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​

Loading

ស្វាយ​រៀង​ ៖​ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ផ្តល់​អនុសាសន៍​សំខាន់ៗ​ដល់​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​ ក្នុង​ឱកាស​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួងមហាផ្ទៃ​ ចុះ​ពិនិត្យ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​ ខេត្តស្វាយរៀង​ ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ នា​ព្រឹក​ថ្ងៃ​ទី​៤​ ខែសីហា​ ឆ្នាំ​២០២៤​។​

​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​ ស​ សុខា​ ​បាន​ចូល​ពិនិត្យ​ស្ថានភាព​ និង​សំណេះសំណាល​ខ្លី​ជាមួយ​មន្ត្រី​ ដែល​កំពុង​បំពេញភារកិច្ច​នៅ​កន្លែង​បំពេញបែបបទ​ជូន​អ្នកដំណើរ​ចេញ​-​ចូល​ កម្ពុជា​-​វៀតណាម​ មុន​នឹង​បន្តដំណើរ​ទៅ​ពិនិត្យ​និង​សួរសុខទុក្ខ​មន្ត្រី​នៅ​ប៉ុ​ស្ត៍​ប្រចាំការ​ស្លាប​ឆ្វេង​ និង​ស្លាប​ស្ដាំ​ នៃ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​ ដែល​មាន​ចំងាយ​ប្រមាណ​ ១​ ៥០០​ម៉ែត្រ​ ពី​ច្រក​ទ្វារ​។​

​ក្នុង​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​ ស​ សុខា​ លោក​ឧត្តមសេនីយ៍ត្រី​ ខាត់​ សា​រ័​ត្ន​ នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​ បានឱ្យ​ដឹង​ថា​ ក្នុង​ឆមាស​ទី​១​ ឆ្នាំ​២០២៤​ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​ មាន​អ្នកដំណើរ​ចេញ​ ចំនួន​ ៧៦៥​ ០៥៦​នាក់​ ស្មើ​ ១៥៦​សញ្ជាតិ​ និង​អ្នកដំណើរ​ចូល​ ចំនួន​ ៧៣៥​ ១៥៨​នាក់​ មាន​ ១៥៤​សញ្ជាតិ​ សរុប​កើនឡើង​ជាង​ ១​សែន​នាក់​ រួម​ទាំង​កំណើន​ភ្ញៀវ​បរទេស​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​កោតសរសើរ​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​គ្រប់​ថ្នាក់​ នៃ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​ ដែល​បាន​បំពេញភារកិច្ច​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ ទាំង​ការ​ផ្ដល់​សេវា​ឆ្លង​ដែន​ជូន​អ្នកដំណើរ​ កិច្ច​ការពារ​បូរណភាព​ទឹកដី​ ការ​ទប់ស្កាត់​បទល្មើស​ឆ្លង​ដែន​ខុសច្បាប់​ ការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ អំពើ​ជួញដូរ​មនុស្ស​ និង​អាវុធ​ខុសច្បាប់​ជាដើម​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​ ស​ សុខា​ បាន​គូសបញ្ជាក់​ថា​ មន្ត្រី​ច្រក​ទ្វារ​ព្រំដែន​ ទាំង​ព្រំដែន​គោក​ និង​អាកាស​ គឺជា​បុគ្គល​ទី​១​ តំណាង​ឱ្យ​ជាតិ​ និង​ប្រជាជន​កម្ពុជា​ ដែល​ទទួល​ស្វាគមន៍​ភ្ញៀវ​បរទេស​អញ្ជើញ​មក​ពី​គ្រប់​ជាតិ​សាសន៍​លើ​ពិភពលោក​។​ ក្នុង​ន័យ​នេះ​ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​ បាន​ណែនាំ​មន្ត្រី​នគរបាល​ច្រក​ទ្វារ​ទាំងអស់​ ប្រកាន់​អាកប្បកិរិយា​ឱ្យ​បាន​សមរម្យ​ ថ្លៃថ្នូរ​ និង​ប្រកបដោយ​ក្រមសីលធម៌​។​

​ជាមួយ​គ្នា​នោះ​ ប្រមុខ​ក្រសួងមហាផ្ទៃ​ បាន​ណែនាំ​ឱ្យ​មន្ត្រី​ស្លៀកពាក់​ឯកសណ្ឋាន​ ឱ្យ​បាន​ត្រឹមត្រូវ​ រក្សា​អនាម័យ​និង​សោ​ភណ្ឌ​ភាព​កន្លែង​បំពេញការងារ​ និង​ទីតាំង​ក្នុង​ដែន​សមត្ថកិច្ច​ឱ្យ​បាន​ល្អ​ ហើយ​ថ្នាក់ដឹកនាំ​ត្រូវ​តែ​ផ្ដល់​ឱ្យ​មន្ត្រី​នូវ​បរិយាកាស​បំពេញការងារ​ប្រកបដោយ​ការ​លើកទឹកចិត្ត​ ទាំង​ការ​ដំឡើង​ស័ក្ដិ​ ការ​បណ្ដុះបណ្ដាល​ជំនាញ​បន្ថែម​ រួម​ទាំង​ឌី​ជី​ថ​ល​ ព្រមទាំង​ត្រូវ​ធានា​ឱ្យ​បាន​ថា​ មន្ត្រី​ទាំងអស់​ មាន​ភារកិច្ច​ត្រូវ​អនុវត្ត​ប្រកបដោយ​គុណភាព​។​

​ក្រៅពី​នេះ​ ប្រមុខ​ក្រសួងមហាផ្ទៃ​កម្ពុជា​ ក៏​បាន​ណែនាំ​ឱ្យ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​បា​វិត​ ទប់ស្កាត់​ឱ្យ​បានជា​ដាច់ខាត​នូវ​សកម្មភាព​ឆ្លង​ដែន​ខុសច្បាប់​ ការ​ចរាចរ​គ្រឿងញៀន​ឆ្លង​ដែន​ខុសច្បាប់​ អាវុធ​ជាតិ​ផ្ទុះ​ ទំនិញ​គ្មាន​គុណភាព​ ជា​ពិសេស​ការ​នាំ​ចូល​ម្ហូបអាហារ​ និង​ត្រូវ​មាន​កិច្ចសហការ​ឱ្យ​បាន​ល្អជា​ប្រចាំ​ជាមួយ​ភាគី​វៀតណាម​ ដើម្បី​ទប់ស្កាត់​បាតុភាព​អវិជ្ជមាន​ផ្សេងៗ​ និង​លើកកម្ពស់​ការ​គោរព​អធិបតេយ្យភាព​គ្នា​ទៅ​វិញ​ទៅ​មក​។​

​សូម​បញ្ជាក់​ថា​ ក្នុង​ឱកាស​ចុះ​ពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​ នោះ​ដែរ​ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​ ស​ សុខា​ ក៏​បាន​ផ្ដល់​អង្ករ​ ចំនួន​ ២​តោន​ មី​ ចំនួន​ ១០​កេស​ធំ​ ទឹក​ស៊ី​អ៉ី​វ​ ចំនួន​ ២០​យួរ​ ទឹកត្រី​ ចំនួន​ ២០​យួរ​ និង​ត្រីខកំប៉ុង​ ចំនួន​ ១០​កេស​ធំ​ និង​ចូលរួម​ពិសា​អាហារ​សាមគ្គី​ជាមួយ​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​នៃ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​ ផង​ដែរ​៕​