General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ម៉ែន លី អញ្ជើញក្នុងពិធីរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំ ខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារបន្តខែ ធ្នូ ឆ្នាំ២០២៤

Loading

ខេត្តតាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត មានរៀបចំពិធី<<ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំ ខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារបន្តខែ ធ្នូ ឆ្នាំ ២០២៤>>។

ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញទាំង៣២ លោកមេបញ្ជាការ មេបញ្ជាការរងវរសេនាតូច​នគរបាលការពារព្រំដែនគោកលេខ៦០៣ លោកអធិការ អធិការរងទទួលផែនការងារ ព្រហ្មទណ្ឌ សន្តិសុខ សណ្តាប់ធ្នាប់ និងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១០ លោកនាយប៉ុស្តិ៍នគរបាល​ច្រកទ្វារទ្វេភាគីកំពង់ក្រសាំង និងលោកនាយប៉ុស្តិ៍​នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង១០០ប៉ុស្តិ៍សរុបចំនួន ២១០នាក់ស្រី ១នាក់។ បន្ទាប់មកលោកវរសេនីយ៍ឯក សុខ ស៊ុយ នាយការិយាល័យសរុបផែនការឡើងអានរបាយការណ៍ស្វាគមន៍ប្រចាំខែ វិច្ឆិកា និងលើកទិសដៅអនុវត្តបន្តខែ ធ្នូ ឆ្នាំ២០២៤ និងស្នើឲ្យលោក លោកស្រី ប្រធានអង្គភាពពាក់ព័ន្ធលើកឡើង អំពីបញ្ហាប្រឈមនានាជូនគណធិបតីជ្រាប។

មានប្រសាសន៍ថ្លែងបូកសរុបក្នុងកិច្ចប្រជុំនោះ លោកស្នងការ បានណែនាំផ្តាំផ្ញើ និងកោតសរសើរចំពោះកងកម្លាំងនគរបាលខេត្តទាំងអស់ ដែលខិតខំយកអស់កម្លាំងកាយចិត្តបំពេញតួនាទីភារកិច្ចនាពេលកន្លងមក ព្រមទាំងបានដាក់ចេញ នៅគោលការណ៍យុទ្ធសាស្រ្តមួយចំនួន និងដាក់បទបញ្ជាដល់កម្លាំងនគរបាលតាមបណ្តាផែន ការិយាល័យជំនាញ អធិការ ស្រុក ក្រុង និងប៉ុស្តិ៍នគរបាលរដ្ឋបាល ជាពិសេសសង្កត់ធ្ងន់ទៅលើផែនការងារនគរបាលយុត្តិធម៌ សន្តិសុខ សណ្តាប់ធ្នាប់ និងផែនប្រឆាំងបទល្មើសគ្រឿងញៀន អំពីបញ្ហាប្រឈមជាក្តីព្រួយបារម្មណ៍សុខសុវត្ថិភាព ក្នុងនាមជាមន្រ្តីនគរបាលជាតិ យើងត្រូវធ្វើយ៉ាងណាដើម្បីលុបបំបាត់កាត់បន្ថយបញ្ហាក្មេងទំនើង គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ បទល្មើសផ្សេងៗឲ្យបានទាបបំផុត ពង្រឹងវិន័យកងកម្លាំងនគរបាលជាតិកម្ពុជាថ្មីលេខ៨៧៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ រក្សាសាមគ្គីភាពផ្ទៃក្នុងដើម្បីធានាប្រសិទ្ធភាពការងារជំនាញប្រចាំថ្ងៃ បន្តផ្តល់សេវាសាធារណៈជាប្រចាំ ជូនបងប្អូនប្រជាពលរដ្ឋតាមតម្រូវការឲ្យបានទាន់ពេលវេលា និងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ ត្រូវតែបង្កើនកិច្ចសហការជាមួយ យោធាការពារព្រំដែន ក្នុងការចេញល្បាតចល័តតាមខ្សែបន្ទាត់ព្រំដែន និងបង្កើនកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អជាមួយប្រទេសជិតខាងជាប់ព្រំប្រទល់ខេត្ត និងខេត្ត ស្រុក និងស្រុក ដើម្បីផ្តល់ព័ត៌មានឲ្យគ្នាទៅវិញ ទៅមកក្នុងន័យទប់ស្កាត់ការចេញ-ចូលឆ្លងដែនខុសច្បាប់។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បន្តការណែនាំបន្ថែមដល់លោកអធិការនគរបាលគ្រប់ស្រុក ក្រុង ត្រូវតែពង្រឹងការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គមក្នុងភូមិសាស្រ្ត ដែលខ្លួនទទួលខុសត្រូវ ត្រៀមកម្លាំងនគរបាលប្រចាំការ នៅប៉ុស្តិ៍សេវាសាធារណៈ តាមបណ្តោយផ្លូវជាតិលេខ២,៣ នៅក្បែរទីប្រជុំជនងាយរងគ្រោះ ដើម្បីភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងត្រៀមកម្លាំងប្រចាំការ២៤ម៉ោងលើ២៤ម៉ោង កម្លាំងអន្តរាគមន៍ចេញល្បាតចល័ត បង្ការទប់ស្កាត់បង្រ្កាបរាល់បទល្មើសកើតឡើងជាយថាហេតុ បន្តការផ្សព្វផ្សាយតាមវេទិការសាធារណៈ ជិតទីប្រជុំជនអំពីផលប៉ះពាល់ នៃគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង ចោរលួច ឆក់ប្លន់គ្រប់ប្រភេទ បន្តការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បន្តជំរុញលើកកម្ពស់ចំពោះមន្រ្តីនគរបាលគ្រប់រូប ដែលខិតខំប្រឹងប្រែងធ្វើការងារមានស្នាដៃ។ ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ស្នងការ បានដាក់បទបញ្ជាតាមបណ្តាផែន និងការិយាល័យជំនាញត្រូវធ្វើបញ្ជីរាយនាមកងកម្លាំងក្រោមឱវាទដែលមានអាយុ៤០ឆ្នាំចុះ ដើម្បីបង្កើតក្រុមអន្តរាគមន៍ពិសេសរបស់ ស្នងការដ្ឋាននគរបាលខេត្តតាកែវផងដែរ៕