សៀមរាប៖ ថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការណ៍ជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង និងកម្លាំងកងរាជអាវុធហត្ថ ស្រុក បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ត្រួតពិនិត្យធ្វើតេស្តស្វែងរកសារធាតុញៀន ផ្សព្វផ្សាយណែនាំ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានចែកជូនសៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងឯកសារពាក់ព័ន្ធមួយចំនួន នៅត្រង់ចំណុចលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិអន្លង់២ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ៕