រាជធានីភំ្នពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ រួមជាមួយថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ចូលរួមកាន់បិណ្ឌវេន១១ នៅវត្តបទុមវតី រាជធានីភំ្នពេញ។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក៏បានអញ្ជើញរាប់បាត្រ និងវេរចង្ហាន់បិណ្ឌបាត្រ ព្រមទាំងទេយ្យទាន និងទេយ្យវត្ថុរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ប្រគេនដល់ព្រះសង្ឃបង្សុកូល ដើម្បីឧទ្ទិសនូវកុសលផលបុណ្យជូនចំពោះបុព្វការីជន វីរៈជន យុទ្ធជន យុទ្ធមិត្តកងកម្លាំងនគរបាលជាតិ និងញាតិការ ទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមបានទទួលនូវមគ្គផលកុសលផលបុណ្យនេះ និងបួងសួងដល់ដួងវិញ្ញាណក្ខន្ធអស់លោកទាំងអស់ បានឆាប់យោនយកកំណើត ទៅកាន់ទីឋានបរមសុខ ។
ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ ដែលប្រគេនក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១១ នៅវត្តបទុមវតី នៅពេលនេះរួមមាន ៖ អង្ករ ចំនួន១០បាវ (ស្មើ ៥០០គ.ក្រ), ស្កសរចំនួន ៥០គ.ក្រ, តែចំនួន២០គ.ក្រ, ទឹកក្រូច ចំនួន ២០កេស, ទឹកបរិសុទ្ធ ចំនួន ២០កេស, មី ចំនួន ៥កេសធំ, ត្រីខកំប៉ុង ចំនួន ៥កេសធំ, បច្ច័យសម្រាប់កសាងវត្តចំនួន ១០.០០០.០០០ រៀល, ប្រគេនសម្តេចសង្ឃនាយក នន្ទ ង៉ែត ០១អង្គ បច្ច័យចំនួន ២.០០០.០០០ រៀល, សាដក០១និងផ្លែឈើ១កន្រ្តក, ប្រគេនសម្តេចសង្ឃ ឃឹម សន ០១អង្គ បច្ច័យចំនួន ១.០០០.០០០ រៀល និង សាដក០១និងផ្លែឈើ១កន្រ្តក, ប្រគេនព្រះគ្រូសូត្រឆ្វេង០១អង្គ បច្ច័យចំនួន ៤០០.០០០ រៀល និងសាដក០១, ប្រគេនព្រះសង្ឃ ១២អង្គ ក្នុង០១អង្គបច្ច័យចំនួន ៥០.០០០ រៀល និងសាដក០១, ថវិកា ចំនួន ៥.០០០.០០០ រៀល និងអង្ករចំនួន៥តោន ដើម្បីជួយសម្រួលដល់ការស្នាក់នៅរបស់សិស្ស-និសិ្សត និងជូនតាជី-យាយជី ៣០នាក់ ក្នុង០១នាក់ បច្ច័យចំនួន ២០.០០០ រៀល ដែលសរុបជាថវិកាចំនួន ២៥.៥៣០.០០០ រៀល (ម្ភៃប្រាំលានហាសិបបីម៉ឺនរៀលគត់)សម្រាប់ទំនុកបម្រុងដល់ព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សា និងដើម្បីចាត់ចែងប្រើប្រាស់ក្នុងការកសាងសមិទ្ធផលនានាក្នុងវត្តផងដែរ៕