ខេត្តតាកែវ៖ នារសៀលថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមានរៀបចំកិច្ចប្រជុំពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ។
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញទាំង៣២ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ លោកអធិការ នគរបាលក្រុងស្រុក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់១០០ប៉ុស្តិ៍សរុបចំនួន ១៧៣នាក់ ស្រី ១នាក់។
មានមតិពាក់ព័ន្ធណែនាំ ផ្តាំផ្ញើនោះលោកឧត្តមសេនីយ៍ទោ ស្នងការ បានលើកឡើង និងសង្កត់ធ្ងន់ក្នុងនាមមន្រ្តីនគរបាលជាតិអនុវត្តច្បាប់នូវគោលការណ៍យុទ្ធសាស្រ្តជោគជ័យចំនួន ៩ចំណុចដូចខាងក្រោម៖
១- ត្រូវពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ និងរក្សាសាមគ្គីភាពផ្ទៃក្នុងអង្គភាព។
២- ប្រមូលផ្តុំកម្លាំងឲ្យបានមូលក្នុងដៃ ដើម្បីទ្រោលសភាពការណ៍កើតឡើង។
៣- បង្កើនការផ្សព្វផ្សាយអប់រំ និងចេញល្បាតចល័តតាមទីប្រជុំជន ផ្សារ វត្តអារាម រមណីដ្ឋាន តំបន់ទេសចរណ៍កំសាន្តផ្សេងៗងាយរងគ្រោះធានាឲ្យបាននៅសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ។
៤- ត្រៀមសំភារៈ មធ្យោបាយសម្រាប់ជួយអន្តរាគមន៍ និងសង្រ្គោះប្រជាពលរដ្ឋពេលមានហេតុការណ៍កើតឡើងជាយថាហេតុ។
៥- ប្រើវិធានការ បង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ក្មេងទំនើង និងគ្រោះថ្នាក់ចរាចរណ៍ឲ្យមានការថយចុះ។
៦- ត្រៀមរៀបចំកងកម្លាំងនគរបាលខេត្ត ក្រុង ស្រុក សហការជាមួយកម្លាំងពាក់ព័ន្ធ ការពារសន្តិសុខ សណ្តាប់ធ្នាប់តាមមណ្ឌលប្រឡងទូទាំងខេត្ត។
៧- ត្រូវសិក្សាស្វែងរកទីតាំងភូមិសាស្រ្ត និងតម្លើងប៉ុស្តិ៍សេវាការពារគោលដៅងាយរងគ្រោះតាមបណ្តោយផ្លូវជាតិលេខ(២-៣)។
៨- ពង្រឹងជំនាញដើម្បីប្រសិទ្ធភាពការងារតាមរយៈបទពិសោធ និងកសាងជម្រុំជំរកកន្លែងធ្វើការងារឲ្យមានសោភ័ណ្ឌភាព ព្រមទាំងថែរក្សាទ្រព្យសម្បត្តិរដ្ឋដែលក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិប្រគល់ជូន ឲ្យដូចរបស់ខ្លួន។
៩- ត្រូវមានឆន្ទៈ នមសិការវិជ្ជាជីវៈការលះបង់ខ្ពស់ មោះមុត និងហ៊ានពលិកម្មគ្រប់បែបយ៉ាង និងពង្រឹងកិច្ចសហការគ្រប់ភាគីពាក់ព័ន្ធផងដែរ៕