រាជធានីភ្នំពេញ៖ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តមហ៊ុយ ហានសុង រដ្ឋលេខាធិការនិងជាប្រធានបានដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលត្រីភាគីប្រយុទ្ធនឹងជំងឺអេដស៍និងគ្រឿងញៀននៅកន្លែងធ្វើការដោយមានការអញ្ជើញចូលរួមពីតំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ វិស័យសុខាភិបាល សហជីព និយោជក សង្គមស៊ីវិល គ្រប់សមាសភាពគណៈកម្មការ TTC។
ក្នុងកិច្ចប្រជុំនោះ មានបទបង្ហាញចំនួន៤ គឺ១.របាយការណ៍១០ខែឆ្លើយតបនឹងប្រកាសលេខ១៩៤ និងសេចក្តីណែនាំ០០៨ របស់TTC ដោយលោកលោកស្រីគង់សត្យា ២.ពីវឌ្ឍនភាពកម្មវិធីបង្ការមេរោគអេដស៍ជំងឺអេដស៍ដោយលោកស្រីវេជ្ជបណ្ឌិត ទេព សំណាង តំណាងNCHARD ៣. សេចក្តីសម្រេចនៃកិច្ចប្រជុំពេញអង្គរបស់អាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍ឆ្នាំ ២០២៤ ដោយឯកឧត្តមឈឹម ឃិនដារ៉េតអគ្គលេខាធិការ NAA និង៤.វឌ្ឍនភាពនៃការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយ ឧត្តមសេនីយ៍ឯកលឹម តុងហួត តំណាងNACD។
ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុយហាន បានថ្លែងនូវមតិស្វាគមន៍ដោយពាំនាំនូវការកោតសរសើរពីសំណាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានគាំទ្ររាល់សកម្មភាពចូលរួមរបស់អាជ្ញាធរជាតិទាំងពីរ វិស័យសុខាភិបាល និយោជក សហជីពនិងអង្គការសង្គមស៊ីវិល ដែលបានរួមគ្នាធ្វើសកម្មភាពយ៉ាងផុលផុសពាក់ព័ន្ធនិងការប្រយុទ្ធប្រឆាំងគ្រឿងញៀន អេដស៍នៅកន្លែងធ្វើការ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុយ ហានសុង បានសុំនិងទទួលបានការអនុម័តពីសមាជិកកិច្ចប្រជុំលើគ្រឹះស្ថានសហគ្រាសចំនួន៣០២ ដែលត្រូវទទួលបាននូវប័ណ្ណសរសើរពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន-អេដស៍នៅកន្លែងធ្វើការ គោរពលក្ខខណ្ឌទាំងបី:១.បង្កើតគណៈកម្មការអេដស៍និងគ្រឿងញៀន ២.មានគោលនយោបាយអេដស៍និងគ្រឿងញៀនរបស់សហគ្រាសគ្រឹះស្ថាន និង៣.មានផែនការរបាយការណ៍សកម្មភាពនិងកម្មវិធីអប់រំអេដស៍និងគ្រឿងញៀននៅកន្លែងធ្វើការ។
ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯកលឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំនិងទំនាក់ទំនងសាធារណៈបានលើកឡើងពីអត្ថប្រយោជន៍និងសំណូមពរឱ្យគ្រប់ភាគីទាំងអស់បំផុសឲ្យសមាជិកទាញយកកម្មវិធីNoDrug: https://nodrugsnacd.com/download របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមកប្រើប្រាស់ទទួលបានចំណេះដឹង និងរាយការណ៍រាល់ករណីគ្រឿងញៀនយកបញ្ហាគ្រឿងញៀនចេញពីសហគមន៍សំដៅចូលរួមចំណែកក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលជាការងារអាទិភាព១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលបានជោគជ័យ។
ឧត្តមសេនីយ៍ឯក លឹម តុងហួត ក៏បានបញ្ជាក់បន្ថែមថាភាគីទាំងអស់មានការសប្បាយចិត្តក្រោយទទួលបានដំណឹងពាក់ព័ន្ធនឹងអត្ថប្រយោជន៍នៃAppNoDrug ហើយពួកគាត់និងបំផុសឲ្យមានការប្រើប្រាស់កម្មវិធីនេះដល់បុគ្គលិក សមាជិករបស់ពួកគាត់៕