កំពង់ចាម ៖ នៅរសៀលថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីបើកវគ្គបំប៉នជំនាញការពារទប់ទល់សភាពការណ៍ ដល់មន្ត្រីនគរបាល កងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ។
ពិធីបើកវគ្គនេះ ក៏មានការអញ្ជើញចូលរួមពីលោក-លោកស្រី ស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលស្រុក-ក្រុង ទាំង១០ និងកងកម្លាំងអន្តរាគមន៍ ចំនួន១០០នាក់ ។
លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ចង្អុរបង្ហាញជាច្រើនដល់គ្រូបង្គោល ក៏ដូចជាកងកម្លាំងអន្តរាគមន៍ ដែលត្រូវហ្វឹកហាត់វគ្គនេះថា: វគ្គបំប៉ននេះ ត្រូវបានធ្វើឡើងជាប់ជាប្រចាំ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំវគ្គបំប៉ននេះក្នុងគោលបំណង លើកកម្ពស់សមត្ថភាពជំនាញ ដល់កងកម្លាំងអន្តរាគមន៍ឱ្យបានយល់ដឹង ពីការអនុវត្តកាយវិការឱ្យបានត្រឹមត្រូវ ខ្ជាប់ខ្ជួន និងមុឹងមាត់ ។ ការអនុវត្តកាយវិការនេះ គឺមិនត្រឹមតែឆ្លុះបញ្ចាំងអំពី ក្រឹត្យក្រម ក្បួនខ្នាត នៃការហ្វឹកហាត់ជាក់លាក់ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពវិន័យ ភាពស្វាហាប់ របស់កងកម្លាំង និងកិត្យានុភាព ឧត្តមភាពរបស់កងកម្លរបស់កងកម្លាំងនគរបាលអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមទាំងមូល ។
លោកឧត្តមសេនីយ៍ស្នងការ បានបន្ថែមទៀតថា គ្រប់កងកម្លាំងអន្តរាគមន៍ ដែលត្រូវបានឆ្លងកាត់វគ្គហ្វឹកហ្វឺនមួយនេះ គឺត្រូវគោរពវិន័យឱ្យបានមុឹងមាត់បំផុត និងត្រូវត្រៀមខ្លួនជាស្រេច ដើម្បីបង្ការការពារ ទប់ទល់សភាពការណ៍ ដែលបង្ករឡើងដោយពួកអមិត្ត និងត្រូវប្ដេជ្ញាការពារឱ្យបាននូវ សន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកំពង់ចាម ៕