General Commissariat of National Police
.

សិស្សសាលាបញ្ញាសាស្ត្រ បង្ហាញសមត្ថភាពក្នុងបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហាគ្រឿងញៀន

Loading

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាបញ្ញាសាស្ត្រាអន្តរជាតិ សាខាសែនសុខ មានរៀបចំពិធីប្រកួតវោហារកោសល្យវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើប្រធានបទពាក់ព័ន្ធនឹងការបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហាគ្រឿងញៀន ក្នុងចំណោមសិស្សសាលាបញ្ញាសាស្ត្រាមកពី ៦សាខា មកពីរាជធានីភ្នំពេញនិងខេត្តបាត់ដំបង។

ទាំងលោក ទុំ វណ្ណៈ នាយកនិងឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សុទ្ធតែបានលើកឡើងពីអារម្មណ៍ពីលទ្ធផលរំពឹងទុកនៃការប្រកួតប្រកបដោយសុទិដ្ឋិនិយមនិងបានពាំនាំនូវការកោតសរសើរនិងថ្លែងអំណរគុណពីថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងសាលាបញ្ញាសាស្ត្រដែលបានយកចិត្តទុកដាក់និងចូលរួមយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហាគ្រឿងញៀន។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានជម្រាបជូនពីស្ថានភាពនៃបញ្ហាគ្រឿងញៀនទាំងក្នុងនិងក្រៅតំបន់ដែលរហូតមកទល់ពេលនេះនៅតែបន្តជះឥទ្ធិពលមកលើកម្ពុជា ហើយបានបន្តបង្កផលប៉ះពាល់យ៉ាងច្រើនដល់សុខុមាលភាពប្រជាពលរដ្ឋ ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គម។ ជាមួយគ្នានោះ លោកក៏បានលើកឡើងពីប្រសាសន៍ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱ្យទាំងអស់គ្នាត្រូវចាត់ទុកគ្រឿងញៀនជាបញ្ហារួមដែលចាំបាច់ត្រូវរួមគ្នាដោះស្រាយ ។

ក្នុងនាមគណ:គ្រប់គ្រងជំរុញApp NoDrugនិងគណ:មេប្រយោគ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗ ជាសិស្សានុសិស្សដែលបានខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ និងចូលរួមក្នុងការប្រកួតប្រជែងព្រមទាំងបានស្នើសុំឱ្យក្មួយៗ ប្រើប្រាស់ចំណេះដឹង សមត្ថភាព និងទេពកោសល្យ ដើម្បីផ្សព្វផ្សាយបន្តអប់រំដល់មិត្តភក្តិ ក្រុមគ្រួសារ និងអ្នកដទៃដែលរស់នៅក្នុងសហគមន៍ជាមួយគ្នា។

ជាមូយនេះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ក៏បានថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូ ដែលបានជួយ និងផ្តល់អប់រំបានល្អដល់សិស្សានុសិស្ស និងអរគុណដល់ថ្នាក់ដឹកនាំសាលាគ្រប់លំដាប់ថ្នាក់និងគ្រប់សាខា ដែលបានរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះ និងស្នើសុំឱ្យបន្តធ្វើឱ្យបានកាន់តែទូលំទូលាយថែមទៀត ដើម្បីឱ្យសិស្សនិស្សិត និងប្រជាពលរដ្ឋទូទៅបានយល់ដឹងច្បាស់ និងចូលរួមកាន់តែសកម្មក្នុងការបង្ការ ទប់ស្កាត់ និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន។

សូមបញ្ជាក់ថា មុនពេលឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ គ្រប់សាខានៃសាលាបញ្ញាសាស្ត្របានផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងចំណោមសិស្សានុសិស្ស បានសហការជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីរៀបចំខ្លឹមសារ និងយន្តការសម្រាប់ការប្រកួតប្រជែងហើយវគ្គផ្តាច់ព្រាត់នឹងប្រព្រឹត្តទៅនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅបញ្ញាសាស្រ្តសាខាឈូកវ៉ា ដើម្បីយកជ័យលាភីលេខ១ ២ ៣ ៕