សៀមរាប ៖ នៅរសៀលថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៤:០០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញចូលរួមពិធីបិទកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ ២០២៣ និងបណ្តាលឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈិន សារី អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងជាប្រធានគណៈ ប្រតិភូ ។ និងមានការអញ្ជើញចូលរួមពី ប្រតិភូអមដំណើរ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ ផងដែរ ។
បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេប របស់ក្រុមការងារសវនកម្មផ្ទៃក្នុងរួចមក លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានមានមតិស្វាគមន៍ និងថ្លែងនូវអំណរគុណចំពោះក្រុមការងារសវនកម្មផ្ទៃក្នុង ដែលបានជួយតម្រង់ទិស និងខិតខំជួយបំពេញបន្ថែមនូវរាល់ភាពខ្វះចន្លោះដល់មន្រ្តីអនុវត្តការងារ ក្នុងការអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាព និងត្រឹមត្រូវតាមតួនាទីភារកិច្ច គោលនយោបាយ និងតម្លាភាព ។
ក្នុងឱកាសនោះដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈិន សារី អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានមានប្រសាសន៍កោតសរសើរ និងវាយតំលៃខ្ពស់ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៃស្នងការនគរបាលខេត្តសៀមរាប ដែលកន្លងមកបានបំពេញតួនាទីភារកិច្ច ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនភ្ញៀវជាតិ និងអន្តរជាតិ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋបានល្អប្រសើរ។ ឯកឧត្តម ក៏បានបន្តទៀតថាក្នុងកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាលឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបនេះ ជាលទ្ធផលសង្កេតឃេីញថាមានភាពល្អប្រសេីរ និងបានការចូលរួមយ៉ាងសកម្មពី លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ទើបជម្រុញកិច្ចការងារនេះឲ្យទទួលបានជោគជ័យ ផងដែរ ៕