General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អញ្ជើញជាអធិបតីក្នុងពិធី បិទសិក្ខាសាលាវេទិការផ្នែកច្បាប់សម្រាប់មន្ត្រីនគរបាលយុត្តិធម៌

Loading

រាជធានីភំ្នពេញ៖ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំ នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី​ ក្នុងពិធីបិទសិក្ខាសាលាវេទិការផ្នែកច្បាប់ សម្រាប់មន្ត្រីនគរបាលយុត្តិធម៌​នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈុន ចាន់សុខា ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត , លោក James McCABE នាយកប្រតិបត្តិអង្គភាពការពារកុមារCPU និងសហការី , លោកឧត្តមសេនីយ៍ វរៈសេនីយ៍ និងសិក្ខាកាមជាច្រើនរូបទៀត។

លោក Nick Rose បានឲ្យដឹងថា ៖ «វេទិកានេះនឹងជំរុញការយល់ដឹង អំពីវិធីសាស្ត្រជាច្រើន សម្រាប់ស្រាវជ្រាវឧក្រិដ្ឋកម្ម តាមរយ:បច្ចេកវិទ្យា និងតាមអនឡាញ។ វានឹងមានគោលបំណងបង្កើនចំណេះដឹងឌីជីថល ជំនាញ និងចំណេះដឹងអំពីការ ធ្វើកោសល្យវិច្ចយឌីជីថល។ ទាំងអស់នេះ នឹងជួយក្នុងការស្រាវជ្រាវអំពីឧក្រិដ្ឋកម្ម គ្រប់ប្រភេទ។ ហើយអ្វីដែលសំខាន់នោះគឺ វានឹងបង្ហាញវិធីសាស្ត្រស្រាវជ្រាវបច្ចុប្បន្ន និងវិធីសាស្ត្រស្រាវជ្រាវថ្មីៗ ដែលអាជ្ញាធរនគរបាលកម្ពុជា អាចប្រើប្រាស់ដើម្បី សហការជាមួយកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ក៏ដូចជាការគាំទ្រដល់សមត្ថភាពមន្ត្រីជំនាញក្នុងស្រុក»។

លោក James McCabe នាយកប្រតិបត្តិ អង្គភាពគាំពារកុមារ ហៅកាត់ថា ស៊ីភីយូ (CPU) បានឲ្យដឹងថា៖ «ការបំពានផ្លូវភេទលើកុមារតាមអ៊ីនធឺណិតគឺជាបញ្ហាសកល ហើយប្រទេសកម្ពុជាគឺជាផ្នែកនៃសហគមន៍នគរបាល ពិភពលោក ដែលកំពុងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មទាំងនេះ។ វេទិកានេះមានគោលបំណងពង្រឹងជំនាញរបស់មន្ត្រី នគរបាល និងធ្វើឱ្យ ពួកគេយល់ដឹងអំពីបច្ចេកវិទ្យាដែលអាច ជួយពួកគេក្នុងវិស័យប្រឈមនៃការប្រយុទ្ធប្រឆាំងនឹង ឧក្រិដ្ឋកម្មលើអ៊ីនធឺណិតប្រឆាំង នឹងកុមារ»។

ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ បានថ្លែងអំណរគុណចំពោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថត អគ្គស្នងការនគរបាលជាតិ ដែលបានអនុញ្ញាតឲ្យមានការរៀបចំសិក្ខាសាលា ស្ដីពីវេទិការផ្នែកច្បាប់ សម្រាប់មន្ត្រីនគរបាលយុត្តិធម៌ដែលបានប្រព្រឹត្តិទៅនៅពេលនេះ ក្រោមគំនិតផ្តួចផ្តើមរបស់ អង្គភាពការពារកុមារ CPU ដែលបានខិតខំរៀបចំឲ្យ បានដំណើរការរយៈពេល៣ថ្ងៃនេះ។

ឯកឧត្តមក៏សូមឯកភាព នូវរបាយការណ៍លទ្ធផល នៃសិក្ខាសាលា ដែលអ្នកជំនាញ បានយកខ្លឹមសារ និងប្រធានបទសំខាន់ៗទាំងទ្រឹស្តី និងការអនុវត្តដែលបានផ្តល់នូវចំណេះដឹង នូវវិធីសាស្រ្តក្នុងការស៊ើបអង្កេត និងការកសាងសំណុំរឿងតាមជំនាញ។ ឆ្លងកាត់សិក្ខាសាលានាថ្ងៃនេះ ឯកឧត្តមសង្ឃឹមជឿជាក់ថា សិក្ខាលោកអាចទទួលយកបាន នូវជំនាញបច្ចេកទេសស៊ើបអង្កេត ដែលគ្រូឧទ្ទេសនាម សុទ្ធតែអ្នកជំនាញជាន់ខ្ពស់និងអ្នកច្បាប់ ដែលមានបទពិសោធន៍ក្នុងការងារជាក់ស្ដែង ដូចជា អង្គភាពឃ្លាំមើលតាមប្រព័ន្ធអនឡាញ(IWF) មជ្ឈមណ្ឌលជាតិការពារកុមារបាត់ខ្លួន និងរងគ្រោះដោយការកេងប្រវ័ញ្ច (NCMEC) ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា នគរបាលអូស្ត្រាលី ទីភ្នាក់ងារតុលាការ រដ្ឋអាជ្ញាអូស្ត្រាលី និងទីភ្នាក់ងារអនុវត្តច្បាប់អន្តរជាតិ ក្នុងគោលបំណងធ្វើបទបង្ហាញ ផ្លាស់ប្ដូបទពិសោធន៍ និងផ្តល់ចំណេះដឹងថ្មីៗ អំពីបច្ចេកទេសស៊ើបអង្កេតទំនើបៗ និងកោសល្យវិច័យភស្តុតាង ជូនដល់មន្ត្រីនគរបាលយុត្តិធម៌កម្ពុជាយើង ។

ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ បានបន្តថា តាមរយៈមុននេះ ឯកឧត្តមក៏បានទទួល Softwarer តូចមួយ តែមានសមត្ថភាពខ្ពស់ និងទំហំធំ ហើយយើងត្រូវបន្តសិក្សាអំពីជំនាញឧបករណ៍មួយនេះឲ្យបានស្ទាត់ជំនាញក្នុងការប្រើប្រាស់នូវឧបករណ៍មួយនេះ។ នៅពេលដែលមានឧបករណ៍ រួមទាំងមន្រ្តីរបស់យើងមានបទពិសោធន៍ យើងក៏អាចធ្វើការស្រាវជ្រាវ កសាងសំណុំរឿងទៅកាន់ផ្នែកច្បាប់ ឬតុលាការ កាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះចំនាញដែលបានរៀនសូត្រទាំងអស់នេះ ទៅចែករំលែកដល់មន្រ្តី តាមនាយកដ្ឋាន អង្គភាពរៀងៗខ្លួន ដើម្បីបង្កើនសមត្ថភាពឲ្យកាន់តែរឹងមាំបន្ថែមទៀត។

​ឯកឧត្តមក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គភាពការពារកុមារ CPU ជាពិសេស លោក James McCABE តែងតែខិតខំរកជំនួយផ្សេងៗ ជួយដល់នគរបាលជាតិកម្ពុជា តាមរយៈការបើកវគ្គបណ្តុះបណ្តាលជំនាញ សិក្ខាសាលា និងបំពាក់ឧករណ៍ សម្ភារៈបច្ចេកទេសស៊ើបអង្កេតអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ និងសូមថ្លែងអំណរគុណដល់លោក James McCABE នាយកប្រតិបត្តិអង្គភាពការពារកុមារ CPU ដែលបានរៀបចំសិក្ខាសាលនេះ ប្រកបដោយជោគជ័យ និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការធ្វើឲ្យអង្គសិក្ខាសាលាដំណើរការទៅដោយរលូនទៅតាមការគ្រោងទុក ហើយក៏សូមប្រកាសបិទសិក្ខាសាលាចាប់ពីពេលនេះតទៅ៕